សមាគមវៀតណាម និងឡាវ ចូលរួមចំណែកដល់ការជំរុញទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី២៩ ខែសីហា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Huynh Cach Mang បានជំរុញឱ្យសមាគមមិត្តភាពវៀតណាម-ឡាវ ( VLFA ) នៅទីក្រុងហូជីមិញ និងសមាគមមិត្តភាពឡាវ-វៀតណាម ( LVFA ) ឱ្យបង្កើនកម្មវិធី និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការ។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក Vilayvong Bouddakham លោក Mang ដែលជាប្រធានសមាគមមិត្តភាពវៀតណាម-ឡាវប្រចាំទីក្រុងហូជីមិញ បាននិយាយថា នេះ គឺជាការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរក្នុងលក្ខណៈមួយប្រកបដោយចីរភាព។ លោកបាននិយាយថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ LVFA នឹងរួមចំណែកដល់ការបង្កើនការយល់ដឹងរួម សាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាម និងឡាវ។

មន្ត្រីរូបនេះបាននិយាយទៅកាន់គណៈប្រតិភូឡាវថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សមាគម VLFA ប្រចាំទីក្រុងហូជីមិញ បានរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ដើម្បីបង្រួបបង្រួម និងអភិវឌ្ឍន៍មិត្តភាព សាមគ្គីភាព ជាពិសេសកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងឡាវ ក៏ដូចជារវាងទីក្រុងហូជីមិញ និងបណ្តាខេត្តរបស់ប្រទេសឡាវផងដែរ។ ។

លោក Vilayvong Bouddakham បាននិយាយថា LVFA និងសមភាគីវៀតណាម បានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៃសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងឡាវ ក្នុងឆ្នាំ ២០១៧ និង ៦ខែដំបូងនៃឆ្នាំ ២០១៨ នេះ ហើយបានពិភាក្សាអំពីទិសដៅដើម្បីបង្កើនសកម្មភាពសម្របសម្រួលក្នុងពេលខាងមុខ។
លោកបាននិយាយថា ក្រៅពីទីក្រុងហូជីមិញ គណៈប្រតិភូបានទៅទស្សនាខេត្តភាគខាងត្បូង ដូចជាខេត្ត Binh Duong និងខេត្ត Binh Thuan ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង LVFA និងខេត្តទាំងនោះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)