ឯកឧត្តម អ៊ុក រ៉ាប៊ុន ចុះត្រួតពិនិត្យផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅស្រុកជ័យសែន

AKP ព្រះវិហារ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ –ឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូប បានចុះពិនិត្យផ្លូវដែលរងការខូចខាតស្ទើរតែទាំងស្រុងដោយសារជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារកាលពីសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ 

ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ផ្លូវដែលរងការខូចខាតស្ទើរទាំងស្រុងនេះមានប្រវែងជាង ៤គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីរួមស្រុកជសែន ឆ្ពោះទៅឃុំចំនួនទៀត គឺឃុំខ្យង ឃុំច្រាច់ និង ឃុំធ្មា ផ្លូវនេះលិចទឹកជំនន់បណ្តាលមកពីមានភ្លៀងខ្លាំងនៅតំបន់ព្រៃឡង់ មិនមែនបណ្តាលមកពីទឹកស្ទឹងសែននោះទេ ដូច្នេះបើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ព្រៃឡង់ច្រើនទេ ក៏ទឹកអូរមិនឡើងជន់លិចបណ្តាលឱ្យខូចខាតផ្លូវបែបនេះឡើយ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា បន្ទាប់ពីចុះពិនិត្យផ្លូវខូចខាតរួចរាល់ហើយ យើងនឹងធ្វើការជួសជុលផ្លូវនេះឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រកបដោយសុវត្ថិភាព ក៏ដូចជាដឹកជញ្ជូនកសិផលមានភាពងាយស្រួល និងរហ័សទាន់ចិត្តផងដែរ៕

ដោយ ទិត ស្រ៊