លទ្ធផល​ប្រឡងបាក់ឌុប នៅភ្នំពេញ និង​ខេត្ត​​កណ្ដាល ប្រកាសថ្ងៃ​ទី​១១​កញ្ញា និងបណ្ដា​ខេត្តនានានឹង​​ប្រកាស​​ថ្ងៃទី១២កញ្ញានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៩ខែសីហា បានឲ្យដឹងថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង៖​ ២០ សីហា ២០១៨ នឹង​ប្រកាស​ជូន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​ប្រឡង​នៅ​​រាជធានី​ភ្នំពេញ និង​ខេត្ត​​កណ្ដាល ។ ដោយ​ឡែក​បណ្ដា​ខេត្ត​ផ្សេង​​ទៀត​ នឹង​ប្រកាស​ជូន​នៅ​​ព្រឹក​ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ។

តើ​និទ្ទេស ​​ត្រូវ​បាន​កំណត់​យ៉ាង​ដូចម្ដេច? និទ្ទេស​​មាន ៥​កម្រិត គឺ​និទ្ទេស A, B, C, D និង​ E ។ ការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម ៖
A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩
B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨
C : ល្អ​ = ពិន្ទុ​សរុប x ០,៧
D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦
​ E : មធ្យម = ពិន្ទុ​សរុប x ០,៥

បើតាមក្រសួងអប់រំ ការ​បញ្ចូល​ពិន្ទុ​សាកល្បង ​នៃ​​​អនុ​គណៈកម្មការ​បញ្ចូល​ពិន្ទុ មុន​ដំណើរ​ការ​​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​លើ​សន្លឹក​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។

នា​ព្រឹក​ថ្ងៃពុធនេះ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង អនុ​គណៈកម្មការ​បញ្ចូល​ពិន្ទុ​សន្លឹក​កិច្ចការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ បាន​ទទួល​ការ​ណែនាំ​បច្ចេកទេស និង​​ធ្វើ​ការ​បញ្ចូល​ពិន្ទុ​សាកល្បង​ ដើម្បី​ធានា​បាន​ថា ដំណើរ​ការ​នៃ​ការ​ស្រង់ បូក​ពិន្ទុ​​ពិតប្រាកដ ដំណើរ​ការ​ទៅ​ដោយ​រលូន​ ច្បាស់លាស់ និង​គ្មាន​កំហុស​ឆ្គង​ណា​មួយ​កើត​ឡើង៕