លោកជំទាវ ប៊ុន ពុទ្ធី អញ្ជើញជាអធិបតីក្នុងវេទិកានារីរតនៈនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងវេទិកានារីរតនៈ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា” ដែលរៀបចំធ្វើ ឡើងនៅសាកលវិទ្យាល័យ UME ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

វេទិកានារីរតនៈនេះរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត ក្នុងគោលបំណងដើម្បីបង្កើន ការយល់ដឹងរបស់យុវវ័យ រួមគ្នាក្នុងការកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាក្នុងសង្គម គ្រួសារ ក៏ដូចជាក្នុងសង្គមកម្ពុជាទាំងមូល ដោយមានការអញ្ជើញចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងក្រុមយុវនិស្សិតសាកលវិទ្យាល័យ UME ជាច្រើនរូបទៀត។

លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឱ្យដឹងថា វេទិកានារី រតនៈក្រោមប្រធានបទ “ យុវជនរួមគ្នាកាត់ បន្ថយអំពើហិង្សា ” គឺដើម្បីឱ្យយុវជនស្គាល់ច្បាស់ នូវអំពើហិង្សា និងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលតម្រូវឱ្យយុវជនជំនាន់ថ្មីទាំងអស់ចេះរួម សាមគ្គីគ្នាទប់ស្កាត់អំពើហិង្សា និងទប់ស្កាត់អំពើអបាយមុខផ្សេងៗដែលនាំឱ្យប៉ះពាល់ ដល់ការសិក្សារៀនសូត្រ ជាពិសេសរួមគ្នាទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ និងត្រូវប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ ដែលដូនតាខ្មែរយើងធ្លាប់ប្រកាន់ភ្ជាប់តាំងពីដើមមក ហើយយើងត្រូវចងចាំថា សង្គមគ្រួសារនីមួយៗ គឺជាកោសិកា នៃការអភិវឌ្ឍ សង្គមជាតិ ដូច្នេះយើងទាំងអស់ត្រូវរួមគ្នា កសាង និងថែរក្សាការពារនូវសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន ក្រោមសន្តិភាព គ្មានអំពើហិង្សា។

លោកជំទាវបានបញ្ជាក់ថា វេទិកានេះក្លាយជាឱកាសមួយ ដែលយុវជននៅខេត្តក្រចេះ យើងក៏ដូចយុវជនទូទាំងប្រទេស អាចចែករំលែកបទ ពិសោធន៍គ្នាទៅវិញទៅមកក្នុងការ ទប់ស្កាត់ និងលប់បំបាត់អំពើហិង្សាទាំងក្នុងគ្រួសារនិងក្នុងសង្គមជាតិ ដើម្បីសង្គមយើងមាន ការអភិវឌ្ឍ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ប៊ុន ពុទ្ធី បញ្ជាក់ទៀតថា ការបញ្ជ្រាបយេនឌ័រលើវិស័យអប់រំ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សង្គមជាតិយើង ព្រោះថាយុវជន គឺជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអប់រំផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋយល់ដឹងពីផលប៉ះពាល់អំពើហិង្សា ប្រភពនៃការកើតឡើងនៃអំពើហិង្សា និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ អំពើហិង្សា គឺជាជំងឺរាលត្បាតក្នុងសង្គម ដែលរាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ទប់ស្កាត់ និងលុបបំបាត់ជាបណ្តើរៗក្នុង សង្គមជាតិរបស់យើង៕

ដោយ ជួន សុជាតិ