ប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ចំនួន៧០០គ្រួសារ​ នៅស្រុកបាធាយ ខេត្ដកំពង់ចាម ទទួលអំណោយពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត

AKP កំពង់ចាម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — ប្រជាពលរដ្ឋរងគ្រោះ​ ដោយសារទឹកជំនន់​ប្រមាណ៧០០គ្រួសារ​ ដែលរស់នៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ ត្រូវបានទទួលអំណោយពីមូលនិធិសប្បុរសធម៌​ ព្រីនស៍​ រៀលអ៊ីស្ទេត តាមរយៈអភិបាលខេត្ត​កំពង់ចាម​ ឯកឧត្តម​ គួច​ ចំរើន​ និងអគ្គនាយក ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប​ លោក លី មីន​ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយជា គ្រឿង ឧបភោគ បរិភោគ​ ​ យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ។

ក្នុងពិធីសំណេះសំណាល​ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​រស់នៅ ភូមិទួលច័ន្ទ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម​ កាលពីព្រឹកថ្ងៃទី​ ២៩​ ខែសីហា​ ឆ្នាំ២០១៨ ឯកឧត្តម​ គួច​ ចំរើន​ បានមានប្រសាសន៍ថា​ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ ដែលទទួលរង គ្រោះដោយសារទឹកជំនន់​មានជាង៣០.០០០នាក់ ហើយគិតមកដល់ថ្ងៃនេះ​ ទឹកបានបន្តឡើង​ លើសកម្រិតប្រកាសអាសន្ន។ ឯកឧត្តមបានបន្ដថា ដើម្បីជាការជួយសម្រាល​ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ​ អាជ្ញាធរខេត្ត​ រួមជាមួយមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀលអ៊ីស្ទេត​ បាននាំ​យកអំណោយសប្បុរស ទៅចែកជូនប្រជាពលរដ្ឋ​ ដោយក្នុង​១គ្រួសារទទួលបានអង្ករ១បេ ទឹកត្រី១យួរ ត្រីខ១ឡូ និងមី១កេស។ ទន្ទឹមនេះ សម្រាប់អំណោយសប្បុរសដែលបានចែក ជូនបងប្អូនរងគ្រោះសរុបជាទឹកប្រាក់មានចំនួន ២០.០០០ ដុល្លារ។

សូមជម្រាបផងដែរថា​ ខេត្តកំពង់ចាម​ បានជួបគ្រោះទឹកជំនន់​ចាប់តាំងពីថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៨ ដែលមក​ដល់ពេលនេះ​ បណ្តាឱ្យពលរដ្ឋប្រមាណជាង៣២.០០០នាក់​ ជួបប្រទះបញ្ហា​លំបាក។ ក្នុងនោះមានពលរដ្ឋ​១៦នាក់ បានស្លាប់​ និង៥៤នាក់ផ្សេងទៀតរង របួស​ ធ្ងន់ ស្រាល​ ព្រមទាំងការខូចខាតផលដំណាំ​ និង​ សត្វពាហនៈមួយចំនួនធំផងដែរ៕

ដោយ ម៉ៅ ចរិយា