អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — នារសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ចំនួន១៥០គ្រួសារ និងចំនួន៥០គ្រួសារទៀត មកពីស្រុកស្ទឹងហាវ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីគឺជាអ្នកបម្រើរបស់ រាស្ត្រដ៏ស្មោះត្រង់ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះដោយមិនបាន ជួយនោះឡើយ ជាពិសេសជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិនានា។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា នេះជាសកម្មភាពមនុស្សធម៌មួយដែល ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តតែងតែគិតគូរពី សុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងខេត្ត ពិសេសបងប្អូនជួបប្រទះនូវការខ្វះខាត ស្បៀងអាហារ។ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន គឺដោយសារការ ចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងនាមគណៈអភិបាលខេត្ត សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនៅ មូលដ្ឋានត្រូវចេះជួយរំលែកការលំបាក និងឈ្វេងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹក និងអំពាវនាវប្រជាពលរដ្ឋត្រូវអប់រំកូន ចៅ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសចូលរួមអនុវត្តន៍នូវគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព។

លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្ត ព្រះសីហនុបានឱ្យដឹងថា អំណោយនេះ បានមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ផ្តល់តាម រយ:មន្ទីរ ដើម្បីយកមកចែកជួនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ ក្នុងនោះ ៥០គ្រួសារ មកពីស្រុកស្ទឹងហាវ និង១៥០គ្រួសារ មកពីស្រុកព្រៃនប់។ ដោយក្នុងមួយគ្រួសារទទួលបាន មុង១, ភួយ១, កន្ទេល១, ធុងទឹកចំនួន ០១, អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ៣ដប, ទឹកត្រី ៣ដប, ប្រេងឆា ១ដប, ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាចំនួន២០.០០០រៀល៕

ដោយ ងូ សុមុនី