មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាមបន្តការងាររបស់ខ្លួន ដោយគោរពច្បាប់របស់កម្ពុជា

វិទ្យជាតិកម្ពុជា៖អត្ថបទលោក ជួនបូណា
ភំពេញ៖មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាមបន្តការងាររបស់ខ្លួន ដោយ​អនុលោមតាមច្បាប់របស់កម្ពុជា ដើម្បីរក្សាសន្ដិភាព ស្ថេរភាព ក្នុងការលើកកម្ពស់ជីវភាពប្រជាជន​​នៃប្រទេស​ទាំង​ពីរ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម ថ្ងៃទី២ កញ្ញា និងពិធីរំលឹកខួបអនុស្សាវរីយ៍៣០ ឆ្នាំនៃការបង្កើតសមាគមខ្មែរ-វៀតណាម នៅកម្ពុជានៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​​ទំនាក់​​ទំនង​​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានមានប្រសាសន៍ថា កម្ពុជា-វៀតណាម ជាមិត្តស្និទ្ធស្នាល និងជាអ្នកជិតខាងល្អ ដែលធ្លាប់បានរួមសុខរួមទុក្ខជាមួយគ្នានៅក្នុងប្រវត្ដិសាស្រ្ត ជាច្រើន​​ដំណាក់កាល​មកហើយ។

បច្ចុប្បន្ន ប្រទេសទាំងពីរ បានឈានចូលទំព័រថ្មី នៃប្រវត្ដិសាស្រ្តដោយសម្រេចបាន សន្ដិភាព បូរណភាព ទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែកដល់សុខសន្ដិភាព កិច្ចសហប្រតិបត្ដិការ វិបុលភាព ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។

លោកជំទាវបានជំរុញឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាមបន្តការងារ របស់ខ្លូន ដោយអនុលោមតាមច្បាប់ នៅកម្ពុជា និងគោរពតាម លក្ខន្តិកៈ ថ្មីរបស់សមាគម ដែល ក្រសួងមហាផ្ទៃបានយល់ព្រម ដើម្បីរក្សាសន្ដិភាព ស្ថេរភាព ការបង្កើន​ល្បឿន អភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកជំទាវ បានអបអរសាទរដល់ សមាគមខ្មែរ វៀតណាម នៅកម្ពុជា ដែលបានបង្កើតឡើងអស់រយៈពេល ៣០ ឆ្នាំមកហើយ ខណៈដែលសមាគម បានរួម ចំណែកក្នុងការជួយឧបត្ថម្ភ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ -វៀតណាម ដែលកំពុងរស់នៅកម្ពុជា។

ឯកឧត្ដម វូ ម៉ៅ ប្រធានសមាគមមិត្តភាពខ្មែរ-វៀតណាម បានលើកឡើងថា សមាគម និងជំរុញណែនាំឲ្យអ្នកវិនិយោគ ពាណិជ្ជករ ដែលដែលកំពុងរស់នៅស្របច្បាប់នៅប្រទេសកម្ពុជា នឹងគោរពទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ និងប្រតិ​បត្ដិ​​តាមច្បាប់កម្ពុជា ហើយរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរុងរឿងថែមទៀត ។

ឯកឧត្ដម បញ្ជាក់ថា ការគោរពច្បាប់របស់កម្ពុជានេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការរវាងប្រជាជនខ្មែរ និងប្រជាជនវៀត​​ណា​​មបន្ថែម និងរួមសាមគ្គីគ្នាលើកកម្ពស់ជីវភាពរស់នៅនៃប្រជាជន​​ប្រទេសទាំងពីរអោយកាន់តែ​ប្រសើរឡើង​បន្ថែម​ទៀត​៕