សម្ដេចតេជោ ហ៊ុន សែន៖ បុណ្យអុំទូកនឹងត្រូវផ្អាក ប្រសិនបើទឹកទន្លេមេគង្គនៅមានកម្ពស់ ពី៨,៥ ទៅ ៩ម៉ែត្រ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — ដោយផ្អែកលើស្ថានភាពទឹកទន្លេមេគង្គមានការប្រែប្រួលជាបន្តបន្ទាប់នោះ សម្ដេច​អគ្គ​ម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍​ថា​ ពិធីបុណ្យអុំទូកនឹងត្រូវផ្អាក ប្រសិនបើកម្ពស់ទឹកទន្លេមេគង្គនៅមានកម្រិតកម្ពស់ ពី ៨,៥ ម៉ែ​ត្រ ទៅ ៩ម៉ែត្រ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ​និ​យោ​ជិត​ចំ​នួនជាង ១៤០០០នាក់ ដែ​ល​ធ្វើ​ឡើង នៅភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ពុធ​ ៣រោច ខែ​ស្រា​ពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្តេច​តេ​ជោ​នាយ​ករដ្ឋមន្ត្រីមានប្រសាសន៍ថា ឥឡូវនេះមិនដឹងថា តើទឹកទន្លេមេគង្គ នឹង​បន្ត​ឡើ​ង ឬយ៉ាងណានៅពេលបុណ្យភ្ជុំបិណ្ឌ ដោយយើងមិនទាន់ប្រាកដថា ទឹកឡើងលើក​ទីមួយ​វា​ខ្ពស់ ឬឡើងលើកទីពីរវាខ្ពស់ជាង ឬក៏វាទាបជាង ហើយយើងក៏ត្រូវពិនិត្យមើលដែរ មិនអាច​ប្រថុ​យប្រថានបានទេ សូម្បីតែបុណ្យអុំទូក បើសិនជាទឹកនៅទន្លេមេគង្គបែរជានៅដល់កម្ពស់ ៨,៥ ម៉ែ​ត្រ ទៅ ៩ម៉ែត្រ ដូចនេះ គឺមិនអាចអុំទូកបានទេ ត្រូវតែបញ្ឈប់ការអុំទូក។

ព្រោះទឹក​ខ្លាំង​​ពេក​ក៏អុំមិនបាន ទឹកតិចពេកក៏អុំមិនបាន មានអ្នកខ្លះគេផ្លែផ្កាឱ្យខ្ញុំថាបំបាត់ប្រពៃណី ប៉ុន្តែ​សួរថាតើអុំទូកក្រែងអុំទូកពេលទឹកហូរចេញពីទន្លេសាប ហើយចុះបើទឹកកំពុងតែហូរ​ចូលទន្លេ​សា​ប មានតែអុំបញ្ច្រាស។ មានពេលមួយនោះកម្ពស់ទឹកនៅទន្លេចតុម្មុខមានត្រឹមតែ ៣,៥ ម៉ែ​ត្រ​តែប៉ុណ្ណោះ ដែលមិនអាចអុំទូកបាន ហើយពិធីបុណ្យអុំទូកត្រូវផ្អាកពីរដង ម្ដងទឹកធំពេក និង​ម្ដងទៀតទឹកតូចពេកដែលយើងត្រូវផ្អាក។ នេះជាចំណុចដែលយើងត្រូវពិនិត្យមើល ដើម្បី​ធា​នាអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។

សម្ដេចតេជោក៏បានដាស់តឿន ចំពោះ​អាជ្ញា​ធរ​គ្រប់​​លំដាប់​ថ្នាក់ទាំងអស់បន្ត ចាត់វិធានការគ្រប់យ៉ាងដើម្បីដោះស្រាយបញ្ហានានា ដែលទាក់​ទង​ទៅ​នឹង​សុខទុក្ខ របស់ ប្រជាពលរដ្ឋ ដែលកំពុងលេចលង់ដោយគ្រោះទឹកជំនន់នៅពេលនេះ និងអំពាវ​នាវ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យត្រៀមរៀបចំគ្រាប់​ពូជទាំង​ឡា​យ ដើម្បី​បំពេ​ញតម្រូវការប្រជាជន បានទាន់ពេលវេលា ខណៈដែលមានការរងការខូចខាតមួយ​ចំ​នួ​​នធំ ដែ​ល​តម្រូវ​ឱ្យមានការធ្វើឡើងវិញ៕

ដោយ ជឹម ណារី