ប្រទេសចិនគាំទ្រកម្ពុជាដែលបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេម ហួត

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្នុយនីស្តចិនគាំ​ទ្រកម្ពុជា​ដែល​បង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដើម្បីចូលរួមអភិវឌ្ឍន៍​ប្រទេសឲ្យកាន់​តែរីកចំរើន។

 

ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យចូល​​ជួបសម្តែង​ការគួរ​សមនាព្រឹកថ្ងៃទី២៩ខែសីហានេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តម សួង ថោ រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្នុយនីស្តចិន បានអបអរសាទរចំពោះការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយនៅក្រៅសភា ព្រោះវាពិតជាសមស្រប​ទៅនឹង​តម្រូវការជាតិ ហើយជាការប្រមូលផ្តុំនូវបញ្ញាញាណរួមក្នុងការកសាងប្រទេសជាតិ ព្រមទាំងសមស្របទៅនឹងសភាព​​ការណ៍​ជាក់ស្តែង និងវប្បធម៌ ប្រពៃណីរបស់ប្រជាជនកម្ពុជា។

 

ឯកឧត្តម បន្តថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន សូមគាំទ្រចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ។ តាមរ​​យៈការបោះឆ្នោតនៅកម្ពុជាកន្លងមកនេះ បានបង្ហាញថាប្រជាជនកម្ពុជាគាំទ្រនូវការដឹក​​នាំរបស់​​គណបក្ស​​ប្រជា​​ជនកម្ពុជា ដែលបានអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ  ព្រមទាំងខិត​​ខំការពារបាននូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។

 

ជាមួយគ្នានោះ ឯកឧត្តមសួង ថោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលត្រូវចាត់ទុកជាមិត្តល្អ និងជាអ្នកជិតខាងល្អ ជាពិសេសជាមិត្តពិតប្រាកដ។

 

សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានជួបជាមួយនឹងគណបក្សនយោបាយចំនួន ១៦ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។ ការជួបគ្នានេះ បាននាំមកដល់ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺជាយន្តការប្រជាធិបតេយ្យមួយស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសកម្ពុជា។ ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់​​ផលប្រយោជន៍​ប្រជាពល​រដ្ឋទាំងមូល ដែលវាមិនមែនជាប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយនេះជាការបើក​​ទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល។

 

សម្តេចសាយ ឈុំ ជឿជាក់ថា រាជរដ្ឋបាភិបាលថ្មីកម្ពុជានឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសទាំងពីរកម្ពជា-ចិន ឲ្យកាន់តែរីកម្រើនថែមទៀត ខណៈដែលទំនាក់ទំនងនេះពិតជាបានរួមចំណែកដល់សន្តិភាព សន្តិសុខទាំងនៅក្នុងតំបន់ និងពិភពលោក៕