សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍គណបក្សនយោបាយដែលមានបំណង ចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការស្វាគមន៍ចំពោះគណបក្សនយោបាយចំនួនពីរទៀត ដែលមានបំណងចូល​រួមក្នុងឧត្ដម​ក្រុម​ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បន្ទាប់ពីគណបក្សនយោបាយចំនួន១៦ ដែលបាន​ចូល​រួម​​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាពេលកន្លងមកបានចូលរួមហើយ​នោះ​។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ​និ​យោ​ជិត​ចំ​នួនជាង ១៤០០០នាក់ ដែ​ល​ធ្វើ​ឡើង នៅភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ពុធ​ ៣រោច ខែ​ស្រា​ពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្តេច​តេ​ជោ​នាយ​ករដ្ឋមន្ត្រីមានប្រសាសន៍ថា ម្សិលម៉្ងៃ ខ្ញុំបានមើលឃើញកាសែត​ភ្នំពេញ​ប៉ុ​ស្តិ៍បានចុះផ្សាយថាមានគណបក្សពីរផ្សេងទៀត ស្នើសុំចូលរួមនៅក្នុងឧត្ដមក្រុម​ប្រឹក្សាពិ​គ្រោះ​ និងផ្ដល់យោបល់។

ឥឡូវនេះខ្ញុំស្វាគមន៍ជានិច្ច ប៉ុន្តែមិនត្រូវប្រើត្រឹមតែសារព័ត៌មាននោះទេ ព្រោះ​ពេលដែលគណៈរដ្ឋមន្ត្រីស្នើអញ្ជើញគណបក្សនយោបាយនានា​គឺ​ប្រើលិខិតរដ្ឋបាល​ផ្លូ​វ​កា​រ ដូច្នេះអ្នកត្រូវតែឆ្លើយតបតាមលិខិតសុំជាផ្លូវការមកនាយករដ្ឋមន្ត្រី។ ដូច្នេះប្រសិនបើបក្ស​ន​យោ​បាយពីរផ្សេងទៀតចង់ចូលរួមការប្រជុំផ្ដល់មតិ ត្រូវធ្វើលិខិតឱ្យបានត្រឹមត្រូវ​ មិនអាច​និ​យា​យ​ត្រឹមតែជាមួយសារព័ត៌មានគ្រប់គ្រាន់នោះទេ ព្រោះនេះមិនមែនជាវិធីដំណើរការ​រដ្ឋ​បា​ល របស់រាជរដ្ឋាភិបាលទេ។

នៅក្នុងព្រះរាជក្រឹត្យឧត្ដមក្រុម​ប្រឹក្សាពិ​គ្រោះ​ និងផ្ដល់យោបល់ ក៏បាននិយាយដែរថា ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត តែត្រូវមានការយល់ព្រមពី​នាយ​ក​រដ្ឋ​មន្ត្រី មិនអាចប្រកាសចង់ចូលក៏ចូលគ្មានការអនុញ្ញាតពីនាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំត្រូវពិនិត្យពី​លក្ខណៈ​សម្បត្តិរបស់គណបក្សហ្នឹង មានលទ្ធភាព និងមានគុណសម្បត្តិ​គ្រប់គ្រាន់ចូលរួម​ឬ​ទេ​។ ដូច្នេះសង្ឃឹមថាគណបក្សនយោបាយពីរផ្សេងទៀតដែលចង់ចូលរួម បន្ថែមលើគណបក្ស​ន​យោបាយចំនួន១៦ ដែលបានចូលរួមហើយនោះ នឹងយល់អំពីកិច្ចការរដ្ឋបាល។

សម្ដេចតេ​ជោក៏បានផ្ដាំទៅគណបក្សនយោបាយខ្លះ ដែលបានចូលរួមក្នុងឧត្ដមក្រុម​ប្រឹក្សាពិ​គ្រោះ​​ និង​ផ្ដ​ល់​យោបល់ ហើយមានការជជែកវែកញែកថា នឹងសុំតំណែងថ្នាក់ រដ្ឋលេខាធិការ អនុ​រដ្ឋ​លេ​ខា​ធិ​ការ និងរៀបចំមន្ត្រីរបស់ខ្លួនទៅថ្នាក់ខេត្តនិងស្រុកនោះ ខ្ញុំសូមបញ្ជាក់​ត្រឡប់​ទៅ​វិញរដ្ឋ​ធម្ម​នុញ្ញ​របស់យើងអនុញ្ញាតជូនបានតែគណបក្សនយោបាយ ដែល​មានអាសនៈ​ក្នុ​ង​ស​ភាតែ​ប៉ុ​ណ្ណោះ​ ក្រៅពីនេះមិនអាចជូនបានទេ។

គួរបញ្ជាក់ដែរថា គណបក្សនយោបាយទាំងពីរ ដែលមានបណងចូលក្នុងឧត្ដមក្រុម​ប្រឹ​ក្សា​ពិ​គ្រោះ​​ និង​ផ្ដ​ល់​យោបល់ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង គណបក្ស​មាតុភូមិ​យើ​ង ហើយដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោ​យ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ ទី​២១ ខែសីហា​កន្លងទៅ ​ដើម្បី​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​គណបក្សនយោបាយ​នៅក្រៅ​រដ្ឋសភា ​ដើម្បី​ផ្តល់ឱកាស​ឱ្យគ​ណ​​ប​ក្ស​​នយោបាយ​ទាំងអស់​បាន​ចូល រួមចំណែក​ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ៕​

ដោយ ជឹម ណារី
​​​