សម្ដេចតេជោ៖ អ្នកជាប់ទោសម្នាក់នៅត្រពាំងផ្លុង គឺស្ថិតក្នុងក្របខ័ណ្ឌពិរុទ្ធជននៅឡើយ មិនមែនជាទណ្ឌិតនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — ក្នុងខណៈដែលមានការបំផុសរបស់មនុស្សមួយក្រុមថា នឹងមានការដោះលែងអតីត​ប្រ​ធា​​ន​គណបក្សសង្គ្រោះជាតិ (កឹម សុខា) នៅថ្ងៃទី៣០ ខែសីហា ចេញពីពន្ធនាគារត្រពាំងផ្លុង ស្ថិ​ត​ក្នុ​ងខេត្តត្បូងឃ្មុំនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន​ បានបញ្ជាក់ថា អ្នកទោសនៅត្រពាំងផ្លុងគឺស្ថិតក្នុងក្របខ័ណ្ឌពិរុទ្ធជននៅឡើយ មិនមែន​ជា​ទណ្ឌិត​ទេ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ​និ​យោ​ជិត​ចំ​នួនជាង ១៤០០០នាក់ ដែ​ល​ធ្វើ​ឡើងនៅភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ​ពុធ​ ៣រោច ខែ​ស្រា​ពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្តេច​តេ​ជោ​នាយ​ករដ្ឋមន្ត្រីមានប្រសាសន៍ថា អ្នកជាប់ទោសនោះនៅជាពិរុទ្ធជនទេ គ្មានអ្នក​ណា​ដោះ​លែ​ង​​ទេ កុំទៅបង្ករឿង ដូច្នេះសមត្ថកិច្ចខេត្តត្បូងឃ្មុំត្រូវយកចិត្តទុកដាក់បញ្ហានេះ។

ស​ម្ដេចថ្លែងថា អ្នក​ណាជាអ្នកដោះលែងមនុស្សនេះ បើគេមិនទាន់កាត់ទោសផង តើមាន​ទោ​ស​​​ឯណា​សម្រា​ប់​​លើកលែង។ ឯលើកលែងការចោទប្រកាន់ គឺគ្មានទេ ព្រោះរឿង នេះ​ក្ដី​ក្ដាំ​ង​​ក្នុង​​ទោស​ក្បត់​ជា​តិ​ ក្នុងឋានៈខ្ញុំជារដ្ឋាភិបាល ខ្ញុំនៅតែបន្តប្ដឹងដាច់ខាត។​ ដូច្នេះសូម ផ្ដាំ​ទៅឱ្យ​ហើ​​យ​ទៅ មិនទាន់​ទាំ​ង​កាត់ក្ដីផង មានទោសឯណាសម្រាប់លើកឱ្យអ្នកឯង វាមាន​ឈ្មោះ​នៅ​ជា​ពិរុទ្ធជន​នៅ​ឡើ​យ​ វាមិនមែនជាទណ្ឌិតទេ។ ទណ្ឌិតដែលមានសាលក្រមស្ថាបពរ មានតែ​ ទេ​ព វន្នី និង អ៊ុំ សំ​អា​ន តែប៉ុណ្ណោះ។ ឯទណ្ឌិតដែលមិនទាន់មានសាលក្រមស្ថាបពរ ហើយ​ដក​​ពាក្យ ហើយ​ត្រូវ​ដក​ពាក្យបណ្ដឹងដើម្បីឱ្យសាលក្រមចូលស្ថាបពរ គឺ មាជ សុវណ្ណរ៉ា និង​ប​ង​​ប្អូនប៉ុន្មាន​នាក់​ទៀ​ត​​តែប៉ុណ្ណោះ ដូច្នេះត្រូវឱ្យយល់ពីទិដ្ឋភាពច្បាប់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថា អ្នក​ដែ​លត្រូវបានរួចទោសនាពេលកន្លងមក មានពីរប្រភេទ គឺប្រភេទទីមួយ គឺបានធ្វើលិខិត​សុំ​ទោ​ស​​មកនាយករដ្ឋមន្ត្រី ដែលពួកគេបា នទទួលស្គាល់នូវកំហុស ដូចជា អ៊ុំ សំអាន បានទទួល​ស្គា​ល់​កំហុសទៅលើបញ្ហាទាក់ទង និងផែនទីដែលជាបទល្មើសរបស់គេ ហើយស្នើសុំលើក​លែ​ង​ទោ​ស។ ឯ មាជ សុវណ្ណរ៉ា និងសហការីរបស់គេមួយចំនួនទៀត និងលោកស្រី ទេព វន្នី ក៏​បា​ន​​​ទទួល​ស្គាល់ថាកំហុស ហើយសុំមកនាយករដ្ឋមន្ត្រីដើម្បីសុំព្រះរាជទានពីព្រះមហាក្សត្រ​លើ​ក​​លែងទោស។ ដូច្នេះខ្ញុំស្នើឱ្យ វិទ្យុ និងទូរទស្សន៍ យកលិខិតសុំទោស និងការលើក​លែង​ទោ​ស​របស់អ្នកទាំងនោះ មកធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យក្រុមដែលចោទប្រកាន់ថាការដោះលែង​អ្ន​ក​ទាំងនោះគឺជាការកៀបសង្កត់របស់អន្តរជាតិ ឱ្យភ្លឺភ្នែក។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ក្រុម​ដែ​ល​ចោទប្រកាន់នេះ គេមានគោលដៅកុំឱ្យ ខ្ញុំលើកលែងទោសឱ្យអ្នកទាំងនោះ ដូចជា អ៊ុំ សំ​អា​ន មាជ សុវណ្ណរ៉ា និងទេព វន្នី។ល។ ដើម្បីឱ្យបានជាគ្នា។ ឥឡូវត្រូវហើយ ខ្ញុំលើកលែង​ទោស​ឱ្យទាំងអស់នៅសល់តែទណ្ឌិតម្នាក់ គត់ ដែលរត់ចោលពន្ធនាគារ (សម រង្ស៊ី) អីចឹង​បើ​ជាប់​​គុកក៏ឯកោដែរ ព្រោះនៅតែម្នាក់ឯង ក្រៅពីនោះគេរួចទោសទាំងអស់ ហើយការលើក​លែ​ង​​ទោសនេះ ខ្ញុំមិនរង់ចាំពេលបុណ្យ ភ្ជុំបិណ្ឌទេ។ ចំពោះរឿងគម្រោងលើកលែងទោសទ្រង់​ទ្រា​យ​​​ធំពេលបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យឯករាជ្យ និងពេលបុណ្យខួបលើកទី២០ នៃថ្ងៃប​ញ្ច​ប់​​ស​ង្គ្រាមនៅកម្ពុជា គឺនៅតែបន្ត ព្រោះក្រសួងយុត្តិធម៌បានទទួលការណែនាំ ហើយធ្វើកិច្ចការ​ងារ​​នេះ ដើម្បីយើងលើកលែង ទោសសម្រាប់ពលរដ្ឋរបស់យើងចេញមកកសាងខ្លួននៅខាង​ក្រៅ​។

សម្ដេចគូសបញ្ជាក់ថា រឿងទាក់ទងជាមួយបទល្មើសព្រហ្មទណ្ឌ ដែលរងគ្រោះដោយ​សារ​​មេដឹកនាំបក្សនយោបាយ ខ្ញុំបានផ្ដល់នូវការអនុគ្រោះលើកលែងទោសឱ្យគេចប់ហើយ។ អ្នក​​ដែលរួចទោសដោយការលើកលែងទោសទាំងនេះ សំណងទាំងឡាយមិនត្រូវបានសងទេ ព្រោះបងប្អូនទាំងនេះគេបានទទួលស្គាល់កំហុស  ហើយពួកគេក៏បានទទួលនូវការដាក់ទោស​មួ​​យចំនួនរួចហើយដែរ។ ក៏ប៉ុន្តែផ្ទុយទៅវិញអ្នកដែលរួចទោសដោយសាលក្រមផុតរលត់ ត្រូវ​តែ​​សងលុយជំពាក់គេ អីចឹងអ្នកណាដែលរួចទោសបែបនេះត្រូវតែសងគេ ព្រោះគណបក្សប្រ​ជា​​ជនកម្ពុជាមានគេជំពាក់ប្រាក់រហូតដល់៨០០លានរៀល បើមិនសងលុយទេប្រហែង​ជាចូល​គុក​​វិញ ដូច្នេះមេធាវីរបស់គណបក្សប្រជាជនត្រូវបន្តតាមទារលុយ។ ដូ​ច្នេះ​​ការលើកលែង​ទោ​ស​នេះ ក៏ជាហេតុផលមួយដើម្បីសម្រួលឱ្យបងប្អូននៅក្នុងបរិយាកាសនៃ សាមគ្គីភាពនៅក្នុង​ចំ​ណោម​ជាតិសាសន៍របស់យើង។ ប៉ុន្តែពួកគេមិនត្រូវនិយាយថាដាក់ការកៀបសង្កត់នោះទេ ហេ​តុ​នេះហើយបានជាខ្ញុំតម្រូវឱ្យមានការផ្សាយលិខិតសុំទោស និងការលើកលែងទោសទាំង​នោះ​ដោយទូលំទូលាយបំផុត ទាំងបណ្ដាញវិទ្យុ ទូរ​ទស្ស​ន៍​ និងប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងៗ​ទៀ​ត​៕

​ដោយ  ជឹម ណារី