កម្ពុជាយល់ព្រមឱ្យឥណ្ឌាជួយជួសជុលប្រាសាទព្រះវិហារ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកវ៉ាងភក្តី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឱ្យរដ្ឋាភិបាលប្រទេសឥណ្ឌា ជួយជួសជុលប្រាសាទព្រះវិហារ ខណៈប្រាសាទដែលជាបេតិកភណ្ឌពិភពលោកមួយនេះ កំពុងរងភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល និងធម្មជាតិ។

  ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសឥណ្ឌា នឹងបញ្ជូនជំនាញការ និងផ្គត់ផ្គង់ សម្ភារៈ ដើម្បីមកជួយអភិរក្ស និងជួសជុលផ្នែកមួយនៃប្រាសាទព្រះវិហារ ស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ។

ការលើកឡើងបែបនេះធ្វើឡើងនៅក្រោយជំនួប និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ស៊ុសម៉ា ស្វារ៉ាច(Shusma Swaraj) នាទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២៩ ខែសីហានេះ។

ឯកឧត្តម កេត សោផាន់ បានបន្តថា ក្រុមជំនាញការរបស់ប្រទេសឥណ្ឌានឹងសហការជាមួយ ក្រុមមន្ត្រីអភិរក្សប្រាសាទរបស់កម្ពុជា ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ ខណៈនាពេលកន្លង មកធ្លាប់បានជួយអភិរក្ស និងជួសជុលប្រាសាទតាព្រហ្មមួយរួចទៅហើយ។

ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្រោយពីប្រាសាទព្រះវិហារ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺក្នុងមួយឆ្នាំ មានទេសចរសរុបជាង១៥ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជាង២ម៉ឺននាក់ បានចូលទៅទស្សនានៅតំបន់នេះ៕