ជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលជួបសមាគមមិត្តភាពវៀតណាម-កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ៖

រាជធានីភ្នំពេញ៖ សមាគមមិត្តភាព វៀតណាម-កម្ពុជាអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបានលទ្ធផល លើការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០១៨កន្លងទៅ ធ្វើឲ្យកម្ពុជាលេចធ្លោលើពិភពលោក។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ប្រធានសមាគមវៀតណាម កម្ពុជា នៅក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីល្ងាច ថ្ងែទី ២៨ សីហា ។

លោក វ៉ូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សមាគមវៀតណាម មកកម្ពុជានាពេលនេះ គឺរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ តាមរយៈ លើចំណងមិត្តភាព៥០ឆ្នាំរវាងកម្ពុជា-វៀតណាម និងខួប៤០ឆ្នាំ ដែលកម្ពុជា បានរំដោះចេញពីរបបប៉ុលពត។ពិសេស សាទរចំពោះកម្ពុជា ដែលសម្រេចបានជ័យជំនះ លើការបោះឆ្នោតជ្រើសតាំងសមាជិកសភា នាពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យកម្ពុជា លេចធ្លោរលើឆាកអន្តរជាតិ ហើយលោកសង្ឃឹមថា កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ លោក វ៉ូ ម៉ៅ បញ្ជាក់ថា សមាគមប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាអនុវត្តរួមគ្នា ហើយសមាគមនេះបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាខេត្ត និងខេត្តជាប់ព្រំដែន ដូចជានៅតំបន់ភាគឥសាន្តជាដើម បានសហការគ្នាយ៉ាងល្អ ហើយស្ថានទូតវៀតណាម ក៏បានសហការទៅតាមតួនាទីរបស់ខ្លួន លើការទំនាក់ទំនងរវាងស្ថានទូតនិងស្ថានទូតបានកាន់តែល្អទ្វេរឡើង។ លោក បន្តថា សមាគមវៀតណាម កម្ពុជាបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលទៅសិក្សានៅប្រទេសវៀតណាម និងបំផុសចលនា អតីតកម្មាភិបាលវៀតណាម និងសហគ្រិនឲ្យទទួលនិស្សិតកម្ពុជាធ្វើកូនធម៌ ដែលកិច្ចសហការនេះបានអនុវត្តចាប់ពីថ្នាក់លើចុះមកក្រោម។

ជាការឆ្លើយតប លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្ដភាពកម្ពុជា-វៀតណាមបាន ថ្លែង ថា កម្ពុជាសម្រេចបានជោគជ័យ លើការបោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាលទី៦ និង ទទួលបានការកោតសរសើរ ពីអន្ដរជាតិពិតប្រាកដ។ លោក ជំទាវ បញ្ជាក់ថា គណៈប្រតិភូសមាគម មិត្តភាព វៀតណាមកម្ពុជាមកទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ ស្របពេលដែលកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ហើយការ

ទំនាក់ទំនងមិត្តភាព នៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។

លោកជំទាវ ក៏បានបញ្ជាក់ប្រាប់ សមាគម មិត្តភាពកម្ពុជាវៀតណាមទៀតថា នៅថ្ងៃទី៥ខែកញ្ញាខាងមុខនេះ រដ្ឋសភាប្រជុំលើកដំបូងក្រោមព្រះរាជធិបតីព្រះមហាក្សត្រកម្ពុជា ហើយនៅព្រឹកថ្ងៃទី ៧ខែកញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីដំបូង នៃនីតិកាលទី៦ នៃរដ្ឋសភា។

សូមបញ្ជាក់ថា៖សមាគមមិត្តភាពវៀតណាម កម្ពុជា មានសកម្មភាពជាច្រើនបានជួយឧបត្ថម្ភដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិត ទៅសិក្សានៅវៀតណាមក្នុងមួយឆ្នាំចំនួន១០០០នាក់ ដោយពុំគិតនិស្សិតជាកងទ័ព និងនគរបាល៕