កិច្ចប្រជុំពិភាក្សាការរៀបចំយន្តការសម្រាប់ការផ្ដល់សេវារដ្ឋបាល នៃវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្ត

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨  –នារសៀលថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការរៀបចំយន្តការសម្រាប់ការផ្ដល់សេវារដ្ឋបាល នៃវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានចូលរួមពីមន្ទីរការិយាល័យដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ។ 

    របៀបវារៈនៃកិច្ចប្រជុំមាន៨ ទី១-ការចុះបញ្ជីបំពេញបន្ថែម ឬដាច់ដោយដុំ ទី២-ទុតិយតា និងតកិយតា, ទី៣-បង្រួមក្បាលដី , ទី៤-ការប្ដូរប្រភេទដី, ទី៥-ឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់កម្រិតក្រោម ៣.០០០ម៉ែត្រក្រឡា , ទី៦-ឯកសារស្នើសុំលិខិតបើកការដ្ឋាន (សមត្ថកិច្ចរាជធានី ខេត្ត) , ទីឯកសារស្នើសុំលិខិតបិទការដ្ឋាន (សមត្ថកិច្ចរាជធានី ខេត្ត) និងទីឯកសារស្នើសុំលិខិតអនុញ្ញាតជួសជុល (សមត្ថកិច្ចរាជធានី ខេត្ត) ។

    ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយរលូន ដើម្បីជួយសម្រួលសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ បានសម្រេចប្រគល់ការងារបញ្ជូនឯកសារនៅអង្គភាពច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត ទៅការិយាល័យភូមិបាលក្រុង ស្រុក ដើម្បីកសាងឯកសារពីថ្នាក់ភូមិ ឃុំ សង្កាត់ប្រកបដោយតម្លាភាពបម្រើសេវាជូនប្រជាពលរដ្ឋ ចូលរូមកាត់បន្ថយពេលវេលា និងថវិកា ។  

   ឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង ព្រោះមន្ត្រីភូមិ ឃុំ សង្កាត់ ជាមន្ត្រីស្នូលនៅតាមមូលដ្ឋាន ធ្វើការបែងចែកការងារចុះនៅជិតនឹងប្រជាពលរដ្ឋ ផ្ដល់សេវាជូនប្រជាពលរដ្ឋដោយប្រើយន្តការកែប្រែឥរិយាបថ ធ្វើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យស្របតាមសភាពការណ៍ នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ។ ការដឹកនាំរបស់រដ្ឋបាលមូលដ្ឋានត្រូវអនុវត្តន៍តាមច្បាប់ជាគោល ការពារផលប្រយោជន៍រួម ភាពទន់ភ្លន់នាំឱ្យប៉ះពាល់ដល់ការងារក្នុងមូលដ្ឋាន ។ អាជ្ញាធរមូលដ្ឋានមានតួនាទីការពារទ្រព្យសម្បត្តិជាតិមានដូចជាព្រៃឈើ អូរ បឹងបួរ  ប្រឡាយ ឆ្នេរសមុទ្រ និងទ្រព្យសម្បត្តិសាធារណៈ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការក្នុងការពង្រឹងធានាសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ៕

ដោយ ងូ សុមុនី