អ៊ីស្រាអែល ព្រមានលោក​ អាសាដ កុំអនុញ្ញាតឱ្យមានកងកម្លាំងអ៊ីរ៉ង់ ជាអចិន្ត្រៃយ៍នៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីគណៈរដ្ឋមន្រ្ដីអ៊ីស្រាអែលម្នាក់បាននិយាយពីថ្ងៃអង្គារថា ប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសាដ ( Bashar al-Assad ) នឹងជួបសំណាងអាក្រក់យ៉ាងខ្លាំងមួយ ប្រសិនបើលោកជ្រើសយកការអនុញ្ញាតឱ្យប្រទេសអ៊ីរ៉ង់បង្កើតវត្តមានយោធាជាអចិន្ត្រៃយ៍មួយនៅក្នុងប្រទេសស៊ីរី ។


រដ្ឋមន្រ្ដីការពារក្នុងស្រុកលោក ជីឡាដ អ៊ែរដាន ( Gilad Erdan ) បានប្រាប់កាសែត Ynet ថា យើងមិនសង្ឃឹមថា ពួកអ៊ីរ៉ង់នឹងគ្រវីទង់ជ័យ ស មួយដោយចំហឡើយ ដោយលោកនិយាយថា កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការអ៊ីរ៉ង់- ស៊ីរី កាលពីពេលថ្មីៗនេះ គឺជាការដោះសាយ៉ាងច្បាស់ក្រឡែតមួយ ដើម្បីធ្វើឱ្យស្របច្បាប់វត្តមានកងកម្លាំងអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី ។

លោក អ៊ែរដាន បាននិយាយថា លោក អាសាដ នឹមានការបាត់បង់យ៉ាងច្រើន ទៀតប្រសិនបើលោកអនុញ្ញាតឱ្យសត្រូវ ( អ៊ីរ៉ង់ ) ដ៏ធំបំផុតរបស់អ៊ីស្រាអែលបង្កើតមូលដ្ឋាននៅក្នុងប្រទេសស៊ីរី ។

ការកត់សម្គាល់របស់លោក ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាមួយ​ ជាមួយស៊ីរី ដើម្បីកសាងយោធារបស់លោកអាសាដឡើងវិញ ។

អ៊ីស្រាអែលបានទទូចជាយូរមកហើយដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trunp ) ឱ្យការពារកុំឱ្យអ៊ីរ៉ង់ទទួលបានការឈរជើងដោយយោធាមួយនៅក្នុងប្រទេសនៅជិតខាងនៅភាគខាងជើង នៅក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀង សន្តិភាព ដែលអាចមានមួយក្នុងប្រទេសស៊ីរី ដែលហែកហួរ ដោយសង្គ្រាមនេះ ។

ក្នុងអំឡុងទស្សនកិច្ចកាលពីសប្តាហ៍កន្លងទៅរបស់លោកនៅប្រទេសអ៊ីស្រាអែលនោះ ទីប្រឹក្សាសន្តិសុខជាតិ ស.រ.អា លោក ជន បូលតុន ( John Bolton ) បាននិយាយថា អ៊ីរ៉ង់គួរតែដកកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )