ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្តេជ្ញាបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង មួយខ្សែប្រវែង២.០០០ម៉ែត្រ ស្ថិតក្នុងភូមិចាស់ និងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ បានប្តេជ្ញាបន្តបម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជា មន្ត្រីបម្រើរាស្ត្រ ស្របតាមអនុសាសន៍ដ៏ខ្អង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋយើង ផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពី គម្រោងដាក់អំពូលសូឡា ដើម្បីបំភ្លឺផ្លូវបេតុង និងគម្រោងនាំអ្នកស្រុកកោះធំជិះរថភ្លើងទៅលេងខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីការរីកចម្រើន របស់ប្រទេសជាតិ ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែកញ្ញាឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាការបើកការដ្ឋានសាងសង់ផ្លូវបេតុង មួយខ្សែប្រវែង២.០០០ម៉ែត្រ ឋិតក្នុងភូមិចាស់ និងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនេះគឺ

អាចជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សអាច ធ្វើដំណើរទៅសាលារៀនបានងាយស្រួល និងអាចដឹកកសិផលទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ៕