សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំ ណាលជាមួយកម្មករ និយោជិត ១៤.៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកជៀងយ៉ារេត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបបងប្អូនកម្មករនិយោជិតចំនួនជិត១៤.៨០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលរៀបចំប្រារព្វធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហ គ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ និយោជិតជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនាពេលនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៤, ផលិតកាបូបចំនួន១ និងកេសកាតុងចំនួន១។ ផលិត ផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា រោងចក្រ សហគ្រាសនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូប អាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំ ណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
ឯ.ឧ បានបញ្ជាក់ថា ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ រាជធានីភ្នំពេញ គ្រាន់តែជាទីក្រុងខ្ទេចខ្ទីដោយ សារភ្លើងសង្គ្រាមដ៏ស្ងប់ស្ងាត់មួយកុំថាឡើយដល់ការវិនិយោគ សូម្បីតែប្រជាពលរដ្ឋចូលមករស់នៅក៏គ្មានផង។ ប៉ុន្តែបច្ចុប្បន្នរាជធានីភ្នំពេញ បានក្លាយជាទៅជារាជធានីជាទីប្រតិព័ទ្ធសម្រាប់ប្រជាពលរដ្ឋរស់នៅ សម្រាប់ការធ្វើពាណិជ្ជកម្ម សម្រាប់វិនិយោគ សម្រាប់ធ្វើទេសចរណ៍ សម្រាប់ក្រេបជញ្ជក់ចំណេះដឹងជាដើម។ ជាពិសេសរាជធានីភ្នំពេញជាទីក្រុងឧស្សាហកម្មដ៏រស់ រវើកមួយផងដែរ។ឯ.ឧ អ៉ិត សំហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះ ស្ថានសរុបចំនួន៤,៤៥៣ មានកម្មករនិយោជិតចំនួន ជិត៧៧៣,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួនជាង ៤០៨,០០០នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៧៩លានដុល្លារក្នុងមួយឆ្នាំ ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងបងប្អូនកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មកា រិនីសរុប ៥៥លើក ដែលមានចំនួនសរុបជាង ៧៦៦,០០០ នាក់៕