ឯកឧត្តម ថោង ខុន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨​ — ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបាន ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សុរិន ថន ប្រទាន សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរនៃសាកលវិទ្យាល័យ បច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីរសៀល ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០​១​៨​។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា   ដោយផ្អែកតាមសេចក្តីសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សានាយក នៃសាកលវិទ្យាល័យ បច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ដោយបានពិនិត្យ និងទទួលស្គាល់នូវគុណតម្លៃ ប្រកបដោយឆន្ទៈខ្ពស់ក្នុងការសម្រេចឱ្យមានសមិទ្ធផល និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន រួមចំណែកលើកកម្ពស់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបែងចែកផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធនៅក្នុង វិស័យទេសចរណ៍ ពិសេសប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ ព្រមជាមួយនឹងការផ្តល់បណ្ឌិតកិត្តិយសចំនួន០៥រូបផ្សេងទៀត លើជំនាញវិស្វកម្មឧស្សា ហកម្ម អប់រំ គ្រប់គ្រង និងសិល្បៈរចនាលម្អ ស្របពេលនឹងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សុរិន ថន និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់មន្រ្តីរាជការសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត សរុបប្រមាណ ៦០០០នាក់។

ជាមួយនឹងសមិទ្ធផល និងវឌ្ឍនភាពគួរជាទីមោទនៈនៃវិស័យទេសចរណ៍កម្ពុជា នេះជាការពិតណាស់ គឺពិតជាបានកើតចេញមកពីការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ ជារួម និងដោយឡែក គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ គ្រប់ជ្រុងជ្រោយ ស្របជាមួយ នឹងការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការអនុវត្តគោល នយោបាយទេសចរណ៍សកល និងតំបន់ ព្រមជាមួយ ការចូលរួមគាំទ្រ សហការ និងអនុវត្តន៍ប្រកបដោយការទទួលខុស ត្រូវខ្ពស់ពីសំណាក់មន្រ្តីរាជការ ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕

សូមបញ្ជាក់ថា សាកលវិទ្យាល័យបច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាសកលវិទ្យាល័យមួយក្នុងចំណោមសកលវិទ្យាល័យ ០៩កន្លែងទូទាំងប្រទេសថៃ (០៥សាកលវិទ្យាល័យនៅក្រុងបាងកក និង០៤កន្លែងទៀត នៅបណ្តាខេត្ត) ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់ របស់មហាក្សត្រីផ្ទាល់៕

ដោយ សាយ សុន

(ប្រភព៖ ក្រសួងទេសចរណ៍)