ប្រជាពលរដ្ឋជាង១០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងលិចស្រូវ ក្នុងស្រុក​មង្គលបូរីទទួលបានស្បៀងសង្គ្រោះបន្ទាន់

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨​ — ប្រជាពលរដ្ឋជាង១០០គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចស្រូវស្រាលទុំនៅ​ក្នុងឃុំរហាត់ទឹកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានស្បៀងសង្គ្រោះបន្ទាន់របស់​គម្រោងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍របស់អង្គការ SEADO​ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅដែលកំពុងជួបការលំបាក។

ថ្លែងក្នុងពិធីចែកអំណោយដែលមានអង្ករ ត្រីខ ទឹកត្រី ទឹក ស៊ីអ៊ីវដល់ប្រជាពលរដ្ឋជួប​ការលំបាកកាលពីព្រឹកថ្ងៃអង្គារ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨​នេះអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ បានអរគុណដល់​អង្គការSEADOម្ចាស់ជំនួយដែលនេះគឺជាវប្បធម៌ចែករំលែកនិងទឹកចិត្តខែ្មរស្រលាញ់ខ្មែរដោយបានចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងនោះ។

 ឯកឧត្តម សួន បវរ បានថ្លែង​រំលែកទុក្ខលំបាករបស់កសិករ ដោយសារគ្រោះ ធម្មជាតិនេះ និងលើកទឹកចិត្តដល់កសិករឱ្យខិតខំជម្នះ ឱ្យបាននូវរាល់បញ្ហាហើយ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងដៃគូពាក់ព័ន្ធបានយកចិត្តទុកដាក់ប្រឹងប្រែង ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ នេះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេចទាំងពីរសូមជួយចែករំលែក នូវសេចក្តីទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលបាន ទទួល រងនូវគ្រោះទឹកជំនន់​ក្នុងខេត្តបន្ទាយមានជ័យ ​ ហើយសម្តេចបានជូនពរ និងបន់ ស្រន់ឱ្យ ពលរដ្ឋរងគ្រោះគ្រប់ៗគ្រួសារបានឆ្លងផុតនូវគ្រោះធម្មជាតិនេះឱ្យឆាប់នាពេលខាងមុខ។

ក្នុងឱកាសនេះដែរឯកឧត្តម សួន បវរ បាន​ជំរុញដល់​ ​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេ សាទសហការជាមួយអាជ្ញាធរដែនដី ត្រូវចុះស្រង់ស្ថិតិ និងវាយតម្លៃ ពីផលប៉ះពាល់ រួចត្រៀម ស្រូវពូជពូជដំណាំទុកចែកជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ដើម្បីស្តារផលិត​កម្មកសិកម្មឡើងវិញ។ ​ ​

តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហានេះ​ថា ផ្ទៃដីស្រូវចំនួន ៥៤៦៩ហិកតា មានស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់ ត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួត និងផ្ទៃដីស្រូវចំនួនជាង ​៤០០០ហិកតា បានជួបនឹងគ្រោះទឹកជំនន់ក្នុងនោះខូតខាតអស់ជាង២០០០ហិកតានៅក្នុងស្រុកមង្គលបូរី។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្នមានភ្លៀងធ្លាក់ដោយកន្លែង ដែលអាចជួយសង្គ្រោះស្រូវបានមួយចំនួនធំ។ ដោយឡែកទឹកជំនន់ ក៏បានស្រកចុះទៅរក ស្ថានភាពប្រក្រតីវិញហើយ៕

ដោយ ឈុន សារ៉ាត