ភាគីថៃកំពុងពន្លឿនកិច្ចព្រមព្រៀងជាមួយកម្ពុជាលើការដឹកជញ្ជូនតាមរថភ្លើងឆ្លងដែន

វិទ្យុជាតិកម្ពុជា៖ លោក ហុក សុខរិន

ភ្នំពេញ៖  រាជរដ្ឋាភិបាលថៃនឹងជំរុញការចុះហត្ថលេខារួមគ្នាជាមួយកម្ពុជាលើកិច្ច ព្រមព្រៀងដឹកជញ្ជូនឆ្លង​​ដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរការធ្វើចរាចរណ៍នៅដើមឆ្នាំ២០១៩ខាងមុខនេះ

          មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានអាយស្ម័យានជាតិថៃបានអោយដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូនថៃ បានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងរវាង កម្ពុជា និងថៃ ទៅកាន់ក្រសួងការបរទេស​​រួចរាល់​ហើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជាកាលពីពេលថ្មីៗនេះនៅប្រទេសថៃ លោកអាណាន់ ងាមគុណ នាយកដ្ឋានអាយស្ម័យានជាតិថៃ បានឲ្យដឹងថា បន្ទាប់ពីបានបញ្ជូនកិច្ចព្រមព្រៀងនេះ កាន់ក្រសួងការបរទេស​​ថៃ​ហើយនោះគឺនៅរងចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។

លោកបញ្ជាក់ថា នៅក្នុងអំឡុងពេលចុះហត្ថលេខានោះភាគីថៃ ក៏នឹងផ្តល់ជំនួយក្បាលរថ ភ្លើងចំនួន១គ្រឿងរួម​​ទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេស ទំាង២អោយកាន់តែស្អិតល្មួត នឹងបើក​ដំណើ​រការ​សេវាដឹកជញ្ជូនទំនិញនិងមនុស្សឆ្លងដែន រវាងប្រទេសទំាងពីរអោយកាន់តែមានភាពរលូន​​ដើម្បីបំរើដល់​វិស័យ​សេដ្ឋកិច្ចជាតិ។

ឯកឧត្តមលី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់វិទ្យុជាតិកម្ពុជាអោយ ដឹងថា ខាងភាគី​​កម្ពុជា​​បានរៀបចំឯកសាររួចរាល់ហើយ គឺនៅរងចាំតែភាគីថៃប៉ុណ្ណោះ ហើយការអះអាងរបស់​​អាជ្ញាធរ​ថៃនា​ពេលនេះគឺជាសញ្ញាមួយដ៏ល្អដើម្បីពន្លឿន អោយភាគីទំាងពីរ​អាចចុះ​ហត្ថលេខារួមគ្នា​​នៅពេលឆាប់​ៗនេះ។

ឯកឧត្តមបានបបញ្ជាក់ថា តាមរយៈកិច្ចប្រជុំផ្លូវដែកសឹង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ ក៏បានបង្ហាញពីជំហនៃការត្រៀមចុះហត្ថលេខាជាមួយកម្ពុជាផងដែរ ដើម្បីអាចឈាន​​ទៅបើក​ដំណើរការសេវាដឹកជញ្ជូនផ្លូវដែករវាងប្រទេសទំាងពីរអោយបានឆាប់់។

ឯកឧត្តមបានបន្ថែមថា នៅពេលដែលភាគីទំាង២ កម្ពុជា – ថៃ បានចុះហត្ថលេខាហើយនោះកម្ពុជា គ្រោងនឹងចុះ​​ហត្ថលេ​ខាជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីអាចបើកដំណើរកា​​រឆ្លងកាត់រួម​​គ្នាជាមួយ​​បណ្តាប្រទេសមួយចំនួនក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកសឹង្ហបូរី គុនមិញប្រទេសចិន។

 សំឡេង «គម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវដែករវាងកម្ពុជា-ថៃនេះមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការ​​ខូចខាត​ផ្លូវជាតិនិងគ្រោះហានិភ័យផ្សេងៗទៀត ខណៈដែលផ្លូវដែកដឹកបានច្រើនសេវាថោកចំណេញ​ថវិកា​​ហើយពុំចាំបាច់លើកដាក់​​ទំនិញចុះឡើងនៅតាមតំបន់ព្រំដែនទៀតឡើយ»

សូមបញ្ជាក់ថា ការពន្លឿនឈានទៅភ្ជាប់សេវាដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា-ថៃ និងបណ្តាប្រទេសមួយចំនួន​ទៀត​នេះបន្ទាប់ពីកម្ពុជាបានកែលម្អផ្លូវដែករបស់ខ្លួនស្របតាមស្តង់ដារ ដើម្បីបំរើសេវា ដឹកជញ្ជូនឆ្លងដែនអន្តរជាតិ៕