ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្ត ប្រកបដោយប្រសិទ្ធភាពក្នុងការជួសជុលបរិក្ខារត្រជាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហាឆ្នាំ ២០១៨ — នៅព្រឹកថ្ងៃអង្គារ​ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយកដ្ឋានគាំ ពារបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការជួសជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់។

យោងតាមអត្ថបទព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការជួស ជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់នេះ    បានអញ្ជើញចូលរួមប្រកាសបើកដោយ ឯកឧត្តម​ ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមផងដែរពី សំណាក់ ឯកឧត្តម មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង។

ប្រភពដដែលបានបន្តថា វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការអនុវត្តប្រកប ដោយប្រសិទ្ធភាពក្នុងការជួសជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ នឹងប្រព្រឹត្តទៅរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិ ភាគតេជោសែនស្វាយរៀង ខេត្តស្វាយរៀង ដោយមានសិក្ខាកាមចូលរួម   ចំនួន៣៥នាក់ ដែលជាសាស្រ្តាចារ្យ និស្សិត ផ្នែកសារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ និងអ្នកបច្ចេទេសបរិក្ខារត្រជាក់នៅតាមសេវាកម្មជួសជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ក្នុងខេត្តស្វាយរៀង ត្បូងឃ្មុំ និងខេត្តតាកែវ។

វគ្គបណ្តុះបណ្តាលអ្នកបច្ចេកទេសនេះឧបត្ថម្ភដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាផ្នែកមួយនៃការអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុហាយដ្រូ

ភ្លុយអរ៉ូកាបូន (HCFC) នៅកម្ពុជា និងមានគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍អំពីរបៀបនៃការប្រើប្រាស់ឧបករណ៍ សម្រាប់បូម និងបន្សុទ្ធសារធាតុធ្វើត្រជាក់ និងឧបករណ៍សម្រាប់សម្អាតសារធាតុធ្វើត្រជាក់ ដើម្បីកាត់បន្ថយ និងឈានទៅបញ្ឈប់ការបញ្ចេញចោលសារធាតុ HCFC ទៅក្នុងបរិយាកាស និងផ្តល់បច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការតម្លើង ឧបករណ៍ បរិក្ខារដែលប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ងាយឆេះប្រភេទថ្មី R-32, R-290 ជាដើម ដែលជាសារធាតុជំនួសមិនប៉ះពាល់ដល់ស្រទាប់អូហ្សូន៕

ដោយ ពេជ្រ ណារិទ្ធ