ក្រសួងបរិស្ថានផ្សព្វផ្សាយអាហារូបករណ៍របស់សាកលវិទ្យាល័យជាតិសិង្ហបុរី ដល់មន្រ្តីរាជការក្របខ័ណ្ឌក្រសួង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ក្រសួងបរិស្ថានបានផ្សព្វផ្សាយអាហារូបករណ៍ របស់សាកលវិទ្យាល័យជាតិសិង្ហបុរី ដល់មន្រ្តីរាជការក្របខ័ណ្ឌក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មកពី២៥រាជធានី-ខេត្ត ជាពិសេស មន្រ្តី​វ័យក្មេងដែលមានបំណងស្វែងរកឱកាសសិក្សា បន្តលើជំនាញផ្សេងៗរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់ធនធានមនុស្សរបស់ក្រសួងរួម ចំណែកកិច្ចអភិវឌ្ឍន៍ស្ថាប័ន ក៏ដូចជាកិច្ចអភិវឌ្ឍសង្គមជាតិឱ្យបានល្អប្រសើរ។

ពីធីផ្សព្វផ្សាយនេះបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តី ការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋ លេខាធិការក្រសួងបរិស្ថាន និងដោយមានការធ្វើបទបង្ហាញពីក្រុមការងារសាកល វិទ្យាល័យ ជាតិសិង្ហបុរី ទាក់ទងពីលក្ខខណ្ឌពិសេសក្នុងការជ្រើសមន្រ្តីរាជការ នៃក្រសួងបរិស្ថា​ន ដោយផ្អែកលើបទពិសោធន៍ការងារ ប្រវត្តិនៃការសិក្សា និងរបៀបរបបនៃការសម្ភាសន៍ពី ខាងសា​កលវិទ្យាល័យ ដោយមិនតម្រូវឱ្យមានបេក្ខជនកម្រិតសញ្ញាបត្របញ្ជាក់ សមត្ថភាពភាសាអង់គ្លេស IELTS ឬ TOEFLឡើយ ដែលជាឱកាសមួយសម្រាប់មន្រ្តីរាជការ ក្រសួងបរិស្ថានចង់អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានដ៏សំខាន់។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេសម្រាប់ក្រសួងបរិស្ថាន ដែលផ្តល់ឱកាសដល់មន្រ្តីរាជការខ្លួន ពិសេសមន្ត្រីដែលមានលទ្ធភាពវ័យក្មេងបាន ចូលរួមសិក្សានៅក្រៅប្រទេស ដើម្បីបំពេញបន្ថែម ទាំងជំនាញទូទៅ ជំនាញលើវិស័យបរិស្ថានរយៈពេលវែង និងរយៈពេលខ្លី ក្នុងគោលបំណងធ្វើទំនើបកម្មក្រសួង លើកកម្ពស់ធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់កិច្ចអភិវឌ្ឍន៍ស្ថាប័ន ក៏ដូចជាកិច្ចអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ប៉ាល់ សុង