គិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២.៦៥០ ហើយទទួលបានអត្រាជោគជ័យចំនួន៧៥ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំសម្រេចលើអនាគត និងដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុនៃក្រុម ប្រឹក្សាអាជ្ញាកណ្ដាល នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ថា ក្នុងភាពជាដៃគូក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញា កណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការងារជាមួយគ្នា យ៉ាងជិតស្និទ្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនង វិជ្ជាជីវៈមួយល្អប្រសើរ សម្រាប់ទាំងនិយោជក និងកម្មករនិយោជិត។

ឯកឧត្តម អ៊ិត សំហេង បន្តថា កិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលជា ច្រើនគួរឱ្យកត់សម្គាល់ រួមទាំងការដោះស្រាយវិវាទការងារ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២.៦៥០ ដែលពាក់ព័ន្ធដោយផ្ទាល់ ជាមួយកម្មករនិយោជិតជាង ១លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥ភាគរយ ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម១៧ថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញលទ្ធផលការងារជាច្រើន ដូចជាក្នុងរយៈកាលនៃផែនការ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ក្រសួងបានខិតខំសម្រេចបានជោគជ័យនូវអាទិភាពទាំងឡាយដែលបានដាក់ចេញ ជាពិសេសអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម តាំងពីចាប់ផ្តើមរហូតដល់ការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការគាំទ្រឱ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល សិទ្ធិរបស់កម្មករនិយោជិតនឹងត្រូវបានលើកកម្ពស់ស្របតាមបទបញ្ញត្តិច្បាប់ស្តីពីការងារ។ ការពង្រឹងការអនុវត្តច្បាប់ស្តីពី សហជីពកាន់តែធានាបាន នូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈថែមទៀតគឺទី១.ការពារសិទ្ធិ និងផលប្រយោជន៍ស្រប ច្បាប់របស់កម្មករនិយោជិត, ទី២.ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់ កម្មករនិយោជិត និងនិយោជក, ទី៣.ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ, ទី៤.រួមចំណែកក្នុងការបង្កើត ការងារសមរម្យ និងទី៥.បង្កើនផលិតភាពដើម្បី អភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់ កម្មករនិយោជិត។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ន ក្រសួងបានចេញប្រកាសចំនួន៤បន្ថែម ទៅលើប្រកាសដែលមានស្រាប់ចំនួន៤ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពី សហជីពឱ្យមានលក្ខណៈកាន់តែប្រសើរ និងគ្រប់ជ្រុងជ្រាយសរុបទាំងអស់បច្ចុប្បន្នចំនួន៨។ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីសហជីពមូលដ្ឋានចំនួន ៣,៧៩៣ សហព័ន្ធសហជីពចំនួន ១៣៨ សហភាពសហជីពចំនួន២៣ និងសមាគមនិយោជកចំនួន៨។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារក៏បានដើរតួយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាពផងដែរ តាមរយៈយន្តការផ្សះផ្សាវិវាទ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមជាមួយនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដូចជាប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ប្រកាសស្តីពីនីតិវិធីនៃ ការដោះស្រាយវិវាទបុគ្គល ប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រកាស ស្តីពីការតែងតាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងច្បាប់ស្តីពីសហជីព ដែលទើបនឹង ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងមក។

ឯកឧត្តមបញ្ជាក់ថា «ជាលទ្ធផល ក្នុងឆ្នាំ២០១៧ នាយកដ្ឋានវិវាទការងារបានដោះស្រាយវិវាទបុគ្គលចំនួន ៤៧៦ករណី សះជា ២២៨ករណី មិនសះជាចំនួន ១៩១ករណី និងមោឃៈចំនួន ៥៧ករណី និងដោះស្រាយវិវាទការងាររួមចំនួន ១២៧ករណី សះជា ៥៦ករណី និងមិនសះជាចំនួន ៧០ករណី និងមោឃៈចំនួន ១ករណី»។

ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ក្រសួងបានកែសម្រួលបញ្ជីត្រួតពិនិត្យសម្រាប់ចុះធ្វើអធិការកិច្ចការងារ (Checklist) ដោយបានបញ្ចូលបញ្ជីត្រួតពិនិត្យរបស់ក្រសួង និងបញ្ជីត្រួតពិនិត្យរបស់ BFC និងការតាក់តែងសៀវភៅណែនាំ (Guideline) សម្រាប់អធិការការងារចុះធ្វើអធិការកិច្ច តាមរយៈប្រព័ន្ធអធិការកិច្ចការងារតែមួយ សំដៅពង្រឹងគុណភាពអធិការកិច្ចការងាររបស់ អធិការការងារ ក៏ដូចជាពង្រឹងនូវការគោរពលក្ខខណ្ឌការងារ ស្របទៅនឹងបទប្បញ្ញត្តិ ច្បាប់ជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួលអប្បបរមា បានបង្កើតបាននូវរូបមន្តប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដែលភាគីពាក់ព័ន្ធទាំង អស់ពេញចិត្តនឹងទទួលយក ហើយលក្ខណៈវិនិច្ឆ័យ សម្រាប់ធ្វើការកែសម្រួល ប្រាក់ឈ្នួលអប្បបរមា។ ថ្មីៗនេះច្បាប់ចំនួន២ ត្រូវបានអនុម័ត គឺច្បាប់ស្ដីពីប្រាក់ ឈ្នួលអប្បបរមា និងច្បាប់ស្ដីពីពីវិសោធនកម្មនៃច្បាប់ស្ដីពីការងារ បន្ទាប់ពីឆ្លងកាត់ ដំណាក់កាល នៃការពិភាក្សាក្នុងសិក្ខាសាលាត្រីភាគី និងប្រមូលធាតុជាច្រើនលើក ច្រើនសារពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធានាបាននូវផលប្រយោជន៍ជូនកម្មករនិយោជិត និងនិយោជក ស្របតាមបរិបទជាក់ស្តែងនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏បានទទួលការ កោតសរសើរពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ថាជាស្ថាប័នមួយដែល បានផ្តល់យុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងបានចូលរួមចំណែកជួយ ដល់ការធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពការងារ កំណើនសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដែលជាប្រយោជន៍ ដល់កម្មករនិយោជិត និងនិយោជក។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងការដោះស្រាយវិវាទការងារ ព្រមទាំងទទួលបាននូវទំនុកចិត្ត និងការកោតសរសើរទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព បន្ថែមពីលើការដោះស្រាយវិវាទការងាររួម ក៏មានការបើកវគ្គ បណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែង ធ្វើការផងដែរ។ អស់រយៈពេលជាង១៥ឆ្នាំហើយ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងកំណើនសេដ្ឋកិច្ចជាតិ។

តាំងពីចាប់ផ្តើមដំបូង ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលជំនួយគាំទ្រហិរញ្ញវត្ថុ ពីបណ្តាម្ចាស់ជំនួយអន្តរជាតិនានា។ និរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាកង្វល់និងជាអ្វីដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ផងដែរ។ ជាការរួមចំណែកក្នុង ការទ្រទ្រង់ដល់និរន្តរភាព នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងបានខិតខំស្វែងរក កញ្ចប់ថវិកាជាតិ មកជួយដល់ដំណើរការនៃមូលនិធិនេះ ទោះបីចំនួនថវិកានោះនៅមានកម្រិតក្តី។

ទន្ទឹមនឹងនេះដែរ ស្របតាមផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ ទាក់ទងនឹងនិរន្តរភាពរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងនឹងសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីជួយដល់មូលនិធិក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត អំពីនិរន្តរភាពនៃក្រុមប្រឹក្សា អាជ្ញាកណ្តាល សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីឱ្យស្ថាប័នមួយនេះអាច ដំណើរការការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបនឹងតម្រូវការរបស់ ភាគីពាក់ព័ន្ធជានិរន្តតទៅ៕

ដោយ​ សំ សាម៉ន