អ៊ីស្រាអែលនឹងទិញរ៉ុក្កែតទំនើបពីក្រុមហ៊ុនអាវុធរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការពារប្រទេសអ៊ីស្រាអែលបានប្រកាសពីថ្ងៃចន្ទនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអភិវឌ្ឍន៍ នឹងទិញរ៉ុក្កែតដែលត្រង់ទំនើបពីក្រុមហ៊ុនប្រព័ន្ធ IMI របស់រដ្ឋ ។
តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងឱ្យដឹងថា រ៉ុក្កែតថ្មីនេះមានប្រភេទផ្សេងៗគ្នាជាច្រើន ដែលមានរយៈចម្ងាយបាញ់ពី៣០ គីឡូម៉ែត្រទៅដល់​ ១៥០ គីឡូម៉ែត្រ ។

សេចក្តីថ្លែងការណ៍បាននិយាយថា សមត្ថភាពបាញ់ត្រង់នេះ ជាសំខាន់នឹងធ្វើឱ្យល្អប្រសើរកងកម្លាំងការពារអ៊ីស្រាអែល( IDF ) ព្រមទាំងធ្វើការវាយប្រហារបានត្រង់ក្នុងការបាញ់ពីចម្ងាយដែលអាចរកបានភ្លាមៗ និងមានតម្លៃទាបជាង បើប្រៀបធៀបនឹងប្រព័ន្ធប្រយុទ្ធដទៃទៀត ។

ក្រសួងការពារប្រទេសមិនបានបង្ហើបឱ្យដឹងនូវចំនួនពិតប្រាកដនៃការធ្វើវិនិយោគ ក្នុងការទទួលបានប៉ុន្តែរដ្ឋមន្ត្រីការពារប្រទេសលោក អាវិកឌ័រ លីប៊ែរមែន ( Avigdor Liberman ​) បានប៉ាន់ប្រមាណកិច្ចព្រមព្រៀងនេះថា មានតម្លៃរាប់រយលានសេកែល នៅលើគណនីហ្វេសប៊ុក របស់លោក ។ តាមលោក លីប៊ែរមែន ឱ្យដឹងថា រ៉ុក្កែតខ្លះបានធ្វើការផលិតរួចហើយ ដោយឡែកខ្លះទៀតនៅតែស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ។

លោកបាននិយាយថា ប្រព័ន្ធរ៉ុក្កែតនេះ នឹងគាំទ្រដល់សមត្ថភាពការពាររបស់ IDF ដោយលោក និយាយបន្ថែមថា ប្រព័ន្ធទាំងនេះ នឹងគ្របដណ្តប់ក្នុងពេលពីរបីឆ្នាំទៀតនូវរាល់ចំណុចក្នុងរយៈចម្ងាយខ្លីនិងឆ្ងាយ ។ ប្រព័ន្ធមីស៊ីលដែលទំនើបបំផុតរបស់អ៊ីស្រាអែលគឺ Arrow -3 ដែលអាចស្ទាក់ចាប់មីស៊ីលផ្លោងនៅពេលដែលមីស៊ីលទាំងនេះ នៅតែស្ថិតនៅក្នុងបរិយាកាសនៅឡើយនោះ ។ ប្រព័ន្ធនេះត្រូវបានគេធ្វើតេស្តប្រកបដោយជោគជ័យកាលពីក្នុងខែកុម្ភៈ ។

គ្រឿងសព្វាវុធការពារដែលមានច្រើនថ្នាក់របស់អ៊ីស្រាអែលនឹងរួមមាន Iron Dome ជាប្រព័ន្ធមួយដែលមានបំណងធ្វើការស្ទាក់ចាប់រ៉ុក្កែតរយៈចម្ងាយខ្លីមកពីហ្គាហ្សា , David’s Sling ដែលអាចស្ទាក់ចាប់ មីស៊ីលរយៈមធ្យមដែលជារបស់ពួកហេសបូឡា ដែលអ៊ីរ៉ង់គាំទ្រនៅក្នុងប្រទេសលីបង់ខាងត្បូង នឹងប្រព័ន្ធ ប្រឆាំងមីស៊ីលផ្លោង Arrow -3 រយៈចម្ងាយឆ្ងាយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )