អ៊ីរ៉ង់អំពាវនាវឱ្យលុបចោលទណ្ឌកម្មដ៏អយុត្តិធម៌ របស់អាមេរិកនៅឯសវនាការ ​ICJ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — នៅថ្ងៃបើកធ្វើសវនាការតុលាការនៅក្រុងឡាអេ ប្រទេសអ៊ីរ៉ង់បានស្នើដល់ចៅក្រមនៅឯតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) បញ្ជាឱ្យមានការលុបចោលជាបន្ទាន់ទណ្ឌកម្មដែលបានដាក់លើប្រទេសអ៊ីរ៉ង់ដោយ ស.រ.អា ។

ប្រធានមជ្ឈមណ្ឌលកិច្ចការច្បាប់អន្តរជាតិនៃការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ូសេន ម៉ូហេប៊ី ( Mohsen Mohebi ) បានប្រាប់ពួកចៅក្រមកាលពីថ្ងៃចន្ទនៅឯវិមានសន្តិភាពក្នុងក្រុងឡាអេថា ទណ្ឌកម្មនេះ គឺអយុត្តិធម៌ និងប្រកបដោយគ្រោះថ្នាក់ ។
ទណ្ឌកម្មនេះកំពុងធ្វើឱ្យខូចដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ព្រមទាំងជំរុញឱ្យប្រជាជនរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ។

អ៊ីរ៉ង់បានស្នើដល់ពួកចៅក្រមរកឱ្យឃើញថា ស.រ.អា បានរំលោភលើកាតព្វកិច្ចរបស់ខ្លួន ចំពោះ អ៊ីរ៉ង់នឹងបញ្ជាដល់ ស.រ.អា ឱ្យបញ្ចប់ទណ្ឌកម្មនេះដោយកុំពន្យារពេល ក៏ដូចជាការគំរាមកំហែងណាមួយ អំពីការ​ដាក់ទណ្ឌកម្មថែមទៀត ។​អ៊ីរ៉ង់ក៏កំពុងស្នើផងដែរ ដល់ចៅក្រមឱ្យធានាថា ស.រ.អា នឹងធានាថា ខ្លួន នឹងមិនរំលោភលើកាតព្វកិច្ចរបស់ខ្លួនទៀតទេ ព្រមទាំងនឹងទូទាត់សងយ៉ាងពេញលេញដល់អ៊ីរ៉ង់សម្រាប់ការរំលោភលើកាតព្វកិច្ចច្បាប់អន្តរជាតិរបស់ខ្លួន ។

បន្ទាប់ពី ស.រ.អា បានដាក់ទណ្ឌកម្មឡើងវិញប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមប្តឹងប្រឆាំងនឹងអាមេរិកនៅចំពោះមុខ ICJ កាលពីថ្ងៃទី១៦ ខែកក្កដា ។ តាមអ៊ីរ៉ង់ឱ្យដឹងថា ស.រ.អា បានរំលោភលើសន្ធិសញ្ញាមិត្តភាពឆ្នាំ ១៩៥៥ រវាងប្រទេសទាំងពីរ , សន្ធិសញ្ញាមិត្តភាព , ទំនាក់ទំនងសេដ្ឋកិច្ច និងសិទ្ធិកុងស៊ុល​ ព្រមទាំងបានស្នើដល់តុលាការឱ្យគូសបញ្ជាក់នូវវិធានការបណ្តោះអាសន្ន ។

អ៊ីរ៉ង់បានផ្តល់ឱ្យនូវទឡ្ហីករណ៍ដោយមាត់ទទេរបស់ខ្លួនកាលពីថ្ងៃចន្ទនេះ ហើយនៅថ្ងៃអង្គារ ស.រ.អា នឹងមានឱកាសបញ្ចេញនូវប្រតិកម្មរបស់ខ្លួន ។ ទឡ្ហីករណ៍ដោយមាត់ទទេលើកទី២ ត្រូវបានគេគ្រោងធ្វើនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការប្រកាសនូវបទបញ្ជាស្តីពីវិធានការជាបណ្តោះអាសន្នដោយចៅក្រមអាចនឹងប្រើពេលច្រើនខែ ។

តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) គឺជាសរីរាង្គតុលាការយ៉ាងសំខាន់របស់​ អ.ស.ប ។ តួនាទីរបស់តុលាការនេះ គឺដោះស្រាយជម្លោះតាមផ្លូវច្បាប់ដែលបានដាក់ជូនទៅឱ្យតុលាការនេះ ដោយបណ្តារដ្ឋនានា ព្រមទាំងផ្តល់ឱ្យនូវមតិយោបល់ ស្តីពីបញ្ហាច្បាប់ដែលបានបញ្ចូនទៅឱ្យខ្លួនដោយសរីរាង្គ អ.ស.ប ដែលគេផ្តល់អំណាចឱ្យ ព្រមទាំងបណ្តាទីភ្នាក់ងារដែលមានឯកទេសស្របទៅតាមច្បាប់អន្តរជាតិ ។ កន្លែងរបស់ តុលាការនេះ គឺនៅក្នុងទីក្រុងឡាអេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )