យុវជនតៃវ៉ាន់ស្វែងរកឱកាសក្នុងវិស័យកសិកម្មនៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ — យុវជនឆ្នើម ១៥នាក់មកពីតៃវ៉ាន់ (ចិន) កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ដើម្បីចូលរួមក្នុងការផ្លាស់ប្តូរការអភិវឌ្ឍវិស័យកសិកម្មរវាងវៀតណាមនិងតៃវ៉ាន់ ចាប់ពីថ្ងៃទី២៧ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា។

យុវជនវ័យក្មេងទាំងនេះ ត្រូវបានជ្រើសរើសពីបេក្ខជនជាង ២០០នាក់ នៅតៃវ៉ាន់ ដែលតំណាងឱ្យកសិករតៃវ៉ាន់ក្នុងគោលបំណងបង្កើតអាជីវកម្ម ការផ្ទេរបច្ចេកវិទ្យា ឬការចែកចាយផលិតផលនៅក្នុងប្រទេសវៀតណាម។ ពួកគេមានសមត្ថភាពក្នុងការអនុវត្ដកសិ – រុក្ខ – ជលផល ដោយពួកគេមានចំណេះដឹងផ្សេងៗគ្នាលើវិស័យកសិពាណិជ្ជកម្ម កសិកម្មសរីរាង្គ និងថ្នាំកសិកម្ម។

ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងប្រទេសវៀតណាមនេះ គណៈប្រតិភូនេះមានគម្រោងទៅ ទស្សនាសកលវិទ្យាល័យជាតិកសិកម្មវៀតណាម វិទ្យាស្ថានស្រាវជ្រាវផ្លែឈើ និងបន្លែ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រសត្វ និងវិទ្យាស្ថានស្រាវជ្រាវវារីវប្បកម្មលេខ១ ក្នុងចំណោមវិទ្យាស្ថានស្រាវជ្រាវកសិ – រុក្ខ – ជលផលផ្សេងៗទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ មានគោលបំណងជួយឱ្យពួកគេយល់ដឹងអំពីកិច្ចអភិវឌ្ឍន៍ វិស័យកសិឧស្សាហកម្មរបស់វៀតណាម ការផលិត និងការចែកចាយកសិផលក្នុងស្រុក ប្រតិបត្តិការទីផ្សារ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ពួកគេក៏នឹងធ្វើទស្សនកិច្ចទៅរោងចក្រដាំដុះ និងកសិដ្ឋាន ដែលវិនិយោគដោយតៃវ៉ាន់នៅក្នុង វិស័យនេះនៅក្នុងប្រទេសវៀតណាម ព្រមទាំងជួបជាមួយបណ្តាអ្នកស្រាវជ្រាវ និងអ្នកជំនួញជនជាតិ វៀតណាមផងដែរ។ នៅថ្ងៃដំបូង នៅក្នុងប្រទេសវៀតណាម គណៈប្រតិភូបានរៀបចំសន្និសីទស្តីពីកិច្ចអភិវឌ្ឍន៍កសិកម្មរវាងវៀតណាម និងតៃវ៉ាន់។ នៅក្នុងព្រឹត្តិការណ៍នេះ ពួកគេបានណែនាំអំពីសមិទ្ធិផលគំរូរបស់តៃវ៉ាន់ និងយន្តការចែកចាយក្នុងវិស័យកសិកម្ម។ ផលិតផលកសិកម្មតែមួយគត់របស់កោះតៃវ៉ាន់ក៏ត្រូវបានផ្សព្វ ផ្សាយផងដែរនៅពេលនោះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)