កិច្ចប្រជុំផ្សព្វផ្សាយពីការដាក់ឱ្យដំណើរការអង្គភាពច្រកចេញ-ចូលតែមួយរបស់សាលាខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្ដម  វ៉ា ថន  អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបផងដែរ ។ 
      

ឯកឧត្ដម វ៉ា ថន  បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការ ដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលរបស់សាលាខេត្តនាពេលនេះ គឺក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល  លើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាល លើវិស័យ​​នានានៅកន្លែងតែមួយ​ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីដែលទទួលបន្ទុកក្នុងការផ្តល់សេវានេះ ត្រូវអនុវត្តន៍ឱ្យបានល្អពីការដាក់ផ្លាកកំណត់តំម្លៃសេវា និងសេចក្ដីណែនាំ ឯកសារ បទដ្ឋានផ្សេងៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងចៀសវាងនូវអំពើខុសច្បាប់ និងភាពអសកម្មនានា ដែលធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តពីប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយនេះ ។  
​     

ឯកឧត្តម​ វ៉ា ថន  ក៏បានជំរុញ និងណែ​នាំដល់មន្ទីរជំ​នាញទាំងអស់ ដែលមានភារកិច្ចនៅ ក្នុងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តក្រចេះ ​ត្រូវ​ពង្រឹងសមត្ថភាពចំណេះ ដឹង និងជំនាញ  ប្រកប​ដោយ​ក្រម​សីលធម៌​ និង​មនសិការ​វិជ្ជាជីវៈ ដើម្បីរួមចំណែក​ឆ្លើយតបទៅ​នឹងការអនុវត្ត និងផ្តល់​សេវា​ឱ្យបានទាន់​ពេលវេលា តាម​តម្រូវការរបស់បងប្អូន​ប្រជាពល រដ្ឋ ​ និង ​រួម​ចំណែក​ជា​មួយ​រាជរដ្ឋា​ភិបាល​ក្នុង​ការ​កែទម្រង់​ ការ​ផ្ដល់​សេវា​រដ្ឋបាល​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ​ទៀត​ គ្រប់មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀប​ចំ​ផែនការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់​លាស់​ អំពី​តម្លៃ​សេវា ​និង ​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត​ ស្តី​ពី​ការ​ផ្តល់សេវា​រដ្ឋបាល​របស់​ខ្លួន​ព្រម​ទាំង​ប្រមូល​ព័ត៌មាន​ត្រឡប់​ពី​ប្រជាពលរដ្ឋ​ អំពី​ការ​បំពេញ​កិច្ចការ​របស់ខ្លួន​ និងធ្វើ​ការ​កែលម្អ​នូវ​ចំណុច​ខ្វះខាត​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ៕​ 

 

ដោយ ជួន សុជាតិ