ជំនួបពិភាក្សា ដើម្បីជុំរុញ និងទាក់ទាញ អ្នកវិនិយោគទុនកូរ៉េ ឲ្យមកវិនិយោគនៅខេត្តកំពង់ស្ពឺ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

សាធារណរដ្ឋកូរ៉េ៖ គណៈប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វី សំណាង អភិបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ជួបសម្ដែង ការគួរសមជាមួយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ហើយក្នុងជំនួបនោះថ្នាក់ដឹកនាំ វ័យក្មេងទាំងពីរ បានពិភាក្សាគ្នា ជំរុញឲ្យអ្នកវិនិយោគទុនកូរ៉េ មកវិនិយោគនៅខេត្តកំពង់ស្ពឺ។

មន្ត្រីស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នា ដើម្បីជំរុញនិងអូសទាញ អ្នកវិនិយោគទុនកូរ៉េ ឲ្យមកធ្វើការវិនិយោគនៅកំពង់ស្ពឺ កាន់តែច្រើនថែមទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងការនាំចេញ ដំណាំស្វាយ និងសាច់មាន់មកកូរ៉េ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វី សំណាង ក៏បានស្នើឲ្យ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ជួយមើលថែពលករដែលចាកចេញ ពីខេត្តកំពង់ស្ពឺ ក៏ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំស្ថាប័នវ័យក្មេងទាំងពីរ បានចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង និងបញ្ជាអង្គភាព ជាមួយនឹងឆន្ទៈ ក្នុងការធ្វើកំណែទម្រង់ ស្ថាប័ន ឆ្លើយតបនឹងតម្រូវការ និងសភាពការណ៍បច្ចុប្បន្នផងដែរ ៕