រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គី ដើម្បីសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗសម្រាប់វិស័យពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា មន្ត្រីទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវសីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍន ភាពការងារថ្មីៗសម្រាប់វិស័យពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេចធ្លោបន្ថែមទៀត ជូន ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ខណៈដែលឯកឧត្តមអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង ថា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមក បានខិតខំយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរម្លឹកឡើងវិញអំពីសមិទ្ធផលការងារ សំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលបានមកពីការ ចូលរួមរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រហូតធ្វើឱ្យក្រសួងក្លាយជាស្ថាប័នគំរូមួយ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយទទួលបានការគាំទ្រយ៉ាងច្រើន ពីវិស័យឯកជន សាធារណជនជាតិ និងអន្តរជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ទោះបីពេលនេះ ក្រសួងបានកសាង មូលដ្ឋានគ្រឹះសម្រាប់វិស័យពាណិជ្ជកម្មជាតិ ប៉ុន្តែក្រសួងនៅមានកិច្ចការស្នូលជាច្រើន ដែលត្រូវបន្តអនុវត្តន៍ ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីការធ្វើ សមាហរណកម្ម ទៅក្នុងតំបន់ និងពិភពលោក ជាពិសេសជំរុញវិស័យពាណិជ្ជកម្ម ឱ្យក្លាយទៅជាក្បាល ម៉ាស៊ីនប្រកបដោយថាមវន្តនៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ សាយ សុន