ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ប្រព្រឹត្ដទៅបានយ៉ាងល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ដនីតិកាលទី៦ ឆ្នាំ២០១៨ នេះ បានប្រព្រឹត្ដទៅបានយ៉ាងល្អប្រសើរ។


ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈ ដែលឯកឧត្ដមចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីតំណាង គណបក្សទាំង១៩ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៤០០នាក់។

​លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងពីមោទនភាពចំពោះលទ្ធផលល្អប្រសើរនៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតនិងថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតកន្លងមកនេះ។

លោក លុន ឆេងកៃ បានមានប្រសាសន៍ថា ដើម្បីវាយតម្លៃ ពីភាពត្រឹមត្រូវ នៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យ និងវាយតម្លៃ ទៅលើភាពត្រឹមត្រូវនៃ ការអនុវត្តមុខងាររបស់អ្នករៀបចំការបោះឆ្នោតទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ទាំងក្នុងក្រប ខ័ណ្ឌច្បាប់ គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។ សន្តិបាតនាថ្ងៃនេះ ក៏ជាការដកពិសោធន៍លើភាពចន្លោះប្រហោងខ្លះៗនៅក្នុងការរៀបចំការបោះឆ្នោត ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំការបោះឆ្នោតនៅពេលក្រោយៗទៀត ដើម្បីប្រមូលធាតុចូលតាមរយៈ ការដាក់ឱ្យពិភាក្សារួមគ្នាក្នុងសន្តិបាតដើម្បី ស្វែងរក ចំណុចខ្វះខាតនានា ដែលបានជួបប្រទះក្នុងពេលកំពុងប្រតិបត្តិលើការងារបោះឆ្នោតនេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។

ឯកឧត្ដមក៏បានថ្លែងអំណរគុណ ដល់គណបក្សនយោបាយទាំង១៩ក្នុង ចំណោមគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងរាជធានីភ្នំពេញ ទាំងការឃោសនាបោះឆ្នោត និងរាប់សន្លឹកឆ្នោតហើយដែលមិនបានបង្កការ លំបាកដល់អាជ្ញាធរ និងបានបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយ ទាំងអស់ក្នុងការគោរពច្បាប់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បានប្រគល់ប័ណ្ណសសើរ និងលិខិតសរសើរជាច្រើនសន្លឹក ជូនតំណាងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ មន្ត្រីរដ្ឋបាលរាជធានីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដែលបានជួយសំរួល និងសហការក្នុងការរៀបចំការបោះឆ្នោតឱ្យដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរ និងសម្រាប់ធ្វើជាបទពិសោធន៍សម្រាប់ការរៀបចំការបោះឆ្នោតនាពេលខាងមុខទៀត៕

ដោយ សួស សំរិត