មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យនិស្សិតខិតខំសិក្សាជំនាញទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានជំរុញឱ្យនិស្សិតខិតខំសិក្សាជំនាញទន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ខណៈដែលមានយុវជនមួយចំនួននៅមិនទាន់មានជំនាញ នេះច្បាស់លាស់នៅឡើយ។
ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានណែនាំឱ្យនិស្សិតទាំងអស់ប្រឹងប្រែងសិក្សាជំនាញទន់នេះបន្ថែមទៀតដើម្បីឱ្យមានចំណេះជំនាញច្បាស់លាស់ងាយស្រួលក្នុងការស្វែរកការងារធ្វើនៅក្នុងសង្គម។

ថ្លែងនៅក្នុងការប្រគល់ជ័យលាភីកម្មវិធីប្រកួតប្រជែងសំណេរអនាគតកម្ពុជាឆ្នាំ២០១៨ដែលរៀបចំឡើងដោយក្រុមហ៊ុនក្រដាសស៊ុបព្រីម កាលពីចុងសប្ដាហ៍នេះ នៅសណ្ឋាគារកាំបូ ឌីយ៉ាណា ឯកឧត្តមបានមានប្រសាសន៍ថា ការសិក្សាជំនាញទន់នេះនឹងជួយ ឱ្យនិស្សិតចេះពីការងារស្រាវជ្រាវ ការឆ្នៃប្រឌិតក្នុងការបង្កើតនូវអ្វីដែលថ្មី ចេះកិច្ចសហការធ្វើការងារជាក្រុម ភាពម្ចាស់ការលើខ្លួនឯង ការគិតពិចារណា និងចេះការគ្រប់គ្រងខ្លួនឯងជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យវិស័យឯកជនបង្កើតកម្មវិធីប្រកួតប្រជែង ផ្សេងៗឱ្យបានច្រើនពិសេសក្រុមហ៊ុនក្រដាសស៊ុបព្រីមបង្កើតកម្មវិធីការប្រកួតប្រជែងសំណេរអនាគតនេះជាបន្តទៀតដើម្បីឱ្យនិស្សិតបានចូលរួមបង្ហាញសមត្ថភាពទេពកោសល្យនិងទទួលបានបទពិសោធន៍បន្ថែមក្រៅពីការរៀននៅតាមសាលា។
ឯកឧត្តមបានបន្តទៀតថា ចំណែកក្រសួងអប់រំកំពុងជំរុញការបណ្តុះបណ្តាលដល់ និស្សិតដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានគុណភាពអប់រំគ្រប់ជ្រុងជ្រោយមានទេពកោសល្យផ្នែកបំណិន ចំណេះវិជ្ជា មានចរិយាធម៌និងមានសុខភាពល្អ។

លោក ឡេង វីរៈ នាយកអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំ កម្ពុជាបានគាំទ្រឱ្យនិស្សិតរៀនជំនាញទន់នេះដើម្បីបណ្តុះភាពដឹកនាំក៏ដូចជាសហគ្រិនភាពដល់យុវជននិងនិស្សិតព្រោះថា ប្រទេសមួយរីកចម្រើនទៅបាន អាស្រ័យលើប្រទេសនោះសំបូរទៅដោយអ្នកដែលមានគំនិតជាសហគ្រិនភាព។

លោក ស៊ុរ៉ាសាក់ កាម៉ាវ៉ាត់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Thai Paper ជាក្រុមហ៊ុនផលិតក្រដាសស៊ុ បព្រីមបានមានប្រសាសន៍ថាការបង្កើតកម្មវិធីប្រកួត ប្រជែងសំណេរអនាគតកម្ពុជាឆ្នាំ២០១៨នេះគឺដើម្បីចូលរួមជាមួ យក្រសួង អប់រំយុវជននិងកីឡាក្នុងការលើកកម្ព ស់ធនធានមនុស្សនៅប្រទេសឱ្យកាន់តែប្រសើរ ឡើងថែមទៀត៕

ដោយ គង់ សិរីរ័ត្ន