អ្នកជំនាញផ្នែកនយោបាយ ចង់ឱ្យរដ្ឋមន្រ្ដីការបរទេសកម្ពុជាលើកយកការពង្រឹងបញ្ហានយោ បាយ និងសន្តិសុខទៅពិភាក្សាជាមួយថ្នាក់ដឹកនាំសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — អ្នកជំនាញនយោបាយ និងការទូតនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា គួរ លើកយកការពង្រឹងបញ្ហានយោបាយ និងសន្តិសុខទៅពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់ សិង្ហបុរីនៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ប្រមុខការទូតកម្ពុជាទៅសិង្ហបុរី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះថា ប្រទេសសិង្ហបុរីមានគោលនយោបាយការ បរទេស និងសន្តិសុខល្អ បើទោះបីជាសិង្ហបុរីជាប្រទេសតូចមែន ប៉ុន្ដែកម្ពុជា គួរពង្រឹងបញ្ហា នេះជាមួយសិង្ហបុរី។

ឯកឧត្តមបានបន្ដថា ជាក់ស្តែងបច្ចុប្បន្នគោលនយោបាយរបស់សិង្ហបុរី គឺមានទំនាក់ទំនងល្អជាមួយមហាអំណាចពិភពលោកទាំងពីរ ទាំងពីខាងចិន និងអាម៉េរិក ដែលធ្វើឱ្យសិង្ហបុរី ទទួលបានផលប្រយោជន៍ដល់ប្រទេសខ្លួន។ ដោយឡែកបញ្ហាសន្តិសុខ វិញក៏សិង្ហបុរីធ្វើឱ្យ ពិភពលោកមានការកោតសរសើរខ្លាំងផងដែរ ក្នុងការរៀបចំជំនួបកំពូល រវាងប្រធានាធិបតីកូរ៉េខាងជើង និងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបបានបញ្ចប់កាល ពីពេលថ្មីៗនេះ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គិន ភា នេះ គឺធ្វើឡើងស្របពេលដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានឹងទៅបំពេញទស្សនកិច្ចជាផ្លូវកា រនៅសិង្ហបុរី ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ នៅសិង្ហបុរីប្រមុខការ ទូតកម្ពុជា នឹងជួបជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី។ ប្រមុខការទូតកម្ពុជា នឹងពិភាក្សាអំពីវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងផ្លាស់ប្តូរយោបល់អំពី បញ្ហាតំបន់ និងអន្តរជាតិជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរី។

ឯកឧត្តមបណ្ឌិត គិន ភា បានលើកឡើងថា ភាគីកម្ពុជាក៏គួរលើកឡើងអំពីការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការឱ្យសិង្ហបុរីជួយកម្ពុជាលើការបណ្តុះបណ្តាលធនធាន មនុស្សផងដែរ ស្របពេលដែលសិង្ហបុរីជាប្រទេសដែលមានប្រព័ន្ធសិក្សាអប់រំទំនើបខ្លាំង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះ បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជានៅពេលនេះ មានគោល បំណងពង្រឹងបន្ថែមទៀតនូវចំណងទំនាក់ទំនងទ្វេភាគី និងរិះរកវិស័យថ្មីៗ ដើម្បីធ្វើកិច្ច សហ ប្រតិបត្តិការសំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕

ដោយ ចាន់ សុធីវង្ស