ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នីតិកាលទី៦នៃរដ្ឋសភានៅថ្ងៃទី៥ខែកញ្ញាខាងមុខនេះ

វិទ្យជាតិកម្ពុជា៖អត្ថបទលោក ចេម ហួត

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៦ នឹងបើកសម័យប្រជុំជាលើកដំបូងក្រោម​​ព្រះរាជាអធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់របស់​ព្រះ​ករុណា ព្រះបាទសម្តេចបរមនាថនរោត្តម សីហាមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៨។

          នេះបើយោងតាមសេចក្តីជួនដំណឹងរបស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាដែលបានផ្សព្វ​​ផ្សាយនា​​រសៀល​​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងពិធី ដ៏មហាឡោរឹក និងជាប្រវត្តិសាស្រ្តនេះ ឥស្សជនជាន់ខ្ពស់ អង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមជាកិត្តិសយផងដែរ។

បន្ទាប់ពីបើកសម័យប្រជុំជាលើកដំបូងនេះ  សម័យប្រជុំលើកទី១នីតិកាលទី៦ នឹងផ្តើមការងារ​​ក្រោមអធិបតី​​ភាព​​របស់សម្តេច អគ្គម​ហាពញាចក្រី ហេង សំរិន ព្រឹទ្ធសភាជិករដ្ឋសភាដើម្បីសម្រេច៖ ទី១ សម្រេចអំពី​​សុពល​ភាព នៃអណត្តិរបស់សមាជិកនីមួយៗនិងទី២ អនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភានីតិកាលទី៦។

សេចក្តីជួនដំណឹងដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨រដ្ឋសភាធ្វើការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់​​សេចក្តីទុកចិត្តចំ​​ពោះ​​រាជរដ្ឋា​ភិបាល៕