ធនាគារមេឃប៊ែង គាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជា

AKP តាកែវ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — ធនាគារមេឃប៊ែង គាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជា តាមរយៈការពង្រីកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
លោក ដាទុ ចូហាន់ ប៉ីន អារីហ្វីន ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារមេឃប៊ែង បានមានប្រសាសន៍ថា ការគាំទ្រសកម្មភាពតម្បាញសូត្រស្រ្តីក្នុងសហគមន៍នៅកម្ពុជាក្នុង ខេត្តតាកែវនេះធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់វិស័យវាយនភ័ណ្ឌតាមបែបប្រពៃណីឱ្យ ទទួលបាននូវបរិមាណផលិតផលខ្ពស់ ដែលអាចឈានទៅបង្កើនប្រាក់ចំណូលបន្ថែម ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីធនាគារមេឃប៊ែង ដើម្បីពង្រីកមជ្ឈ មណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ លោករំពឹងថា ប្រជាពលរដ្ឋក្នុងតំបន់ នេះដែលជាស្ត្រី អាចបង្កើននូវប្រាក់ចំណូល នឹងទទួលបាននូវផលប្រយោជន៍ ច្រើនផ្សេងទៀត។

ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលាសាងសង់អាគារបន្ថែមនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈតម្បាញសូត្ររបស់ធនាគារមេយប៊ែងកាលពីចុងសប្ដាហ៍ នៅខេត្តតាកែវ លោក ជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីបន្ត ជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា តែងតែចូលរួមលើកកម្ពស់សិទ្ធិសេរីភាពរបស់ ស្ត្រីក្នុងការទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីឱ្យពួកគាត់មាន លទ្ធភាពស្វែងរកមុខរបរ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកជំទាវបញ្ជាក់ថា ការចូលរួមចំណែកពីធនាគារមេឃប៊ែងនា ពេលនេះ នឹងកាន់តែធ្វើឱ្យស្រ្តីមានជំនាញ និងមុខរបរច្បាស់លាស់ ដើម្បីបង្កើនផ្នែកហិរញ្ញវត្ថុ ដល់សង្គមគ្រួសារ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចូលរួមកាត់បន្ថយគម្លាតស្រ្តី ដែលមិនទទួល បានប្រាក់ចំណូលដោយផ្ទាល់ ពីអត្រា ២៧ភាគរយ មកនៅត្រឹម ១៣ភាគរយ តាមរយៈការផ្តល់ជូននូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ៕

ដោយ ម៉ៅ ចរិយា