ក្រុមអ្នកជំនាញ ចង់​ឱ្យ​យុវជនរៀនជំនាញ​ដែល​ទីផ្សារការងារកំពុងមានតម្រូវការ ល្អប្រសើរជាងការ​រៀនជំនាញ​ដែលខ្លួនចង់រៀនតែគ្មានការងារធ្វើ

AKP សៀមរាប ថ្ងៃទី២៧ ខែសីហា ឆ្នំា២០១៨ — ក្រុមអ្នកជំនាញចង់​ឱ្យ​យុវជនរៀនជំនាញ ​ដែល​ទីផ្សារការងារកំពុងមានតម្រូវការល្អ ប្រសើរជាងការ​រៀនជំនាញ​ដែលខ្លួនចង់រៀនតែគ្មានការងារធ្វើ។

អ្នកជំនាញលើកបែបនេះ ដោយបច្ចុប្បន្នមាន​និសិ្សតមួយចំនួនបាន​បញ្ជប់ការសិក្សា តែគ្មានការងារធ្វើដោយសារជំនាញដែលគេរៀន ចប់នោះ គេមិនសូវមានតម្រូវការដើម្បី ជួយតម្រង់ទិស នៃការសិក្សាជំនាញ និងការងារដល់យុវជនទៅថ្ងៃអនាគត កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វាគ្មិន ៣រូប រួមមាន៖ លោក ពុយ គា លោក អៀង សុធារ៉ា និងលោក ហឿន សំនៀង បានស្ម័គ្រចិត្តមកចែករំលែកនូវបទពិសោធន៍ របស់ខ្លួន ដើម្បីពន្យល់ដល់យុវសិស្ស ផ្តល់ការឈ្វេងយល់អំពីការកំណត់គោលដៅនៃជីវិត ការត្រៀមខ្លួនសម្រាប់រៀននៅមហាវិទ្យាល័យ និងការសម្រេចចិត្តថា ត្រូវរៀនជំនាញ​ដែលខ្លួនចូលចិត្ត ឬរៀនជំនាញ​ដែលទីផ្សារការងារកំពុងមានតម្រូវការ។

លោក ហឿន សំនៀង នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអតីតនិស្សិត សិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានបង្ហាញនូវការគាំទ្រនិងចូលរួមសហការយ៉ាងពេញ ទំហឹងចំពោះ ការផ្តួចផ្តើមរបស់ក្រុមយុវជនដើមត្នោត លើការរៀបចំឱ្យមានវេទិកានេះ គឺជាជំហាន នៃគំនិតដ៏ជឿនលឿន ក្នុងបំណងចង់ឱ្យយុវសិស្សបានស្វែងយល់អំពីការ កំណត់គោល ដៅនៃជីវិត ការត្រៀមខ្លួនមុនចូលសាកលវិទ្យាល័យនិងអាហារូបករណ៍ ពិសេសនោះគឺផ្សព្វ ផ្សាយការឈ្វេងយល់ អំពីការសិក្សាជំនាញនិងការងារ សម្រាប់ថ្ងៃអនាគត ។

លោកបន្តថា យុវជនត្រូវមានកំណត់ត្រាចេញពីដំណើរជីវិតពិត ផ្តើមចេញពីការ ស្គាល់ខ្លួនឯងឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញសេចក្តីក្លាហាន តស៊ូ ព្យាយាម ធ្វើឱ្យក្តីស្រមៃបានក្លាយជាការពិត វាគឺជាការរៀបចំគោលដៅ សម្រាប់អនាគតនៃជីវិត ហើយពេលវេលា សុខភាព និងវិធីសាស្រ្ត វាគឺជាកត្តាដ៏សំខាន់បំផុត ។
លោក ពុយ គា ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ( AUPP ) និងជាអ្នកឆ្លើយឆ្លងព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ ប្រចាំទីក្រុងភ្នំពេញ យុវជនទំាំងអស់ត្រូវត្រៀមខ្លួនឱ្យបានជាស្រេច មុនពេលចូលមហាវិទ្យាល័យ ទាំងសមត្ថភាព ការតស៊ូព្យាយាម និងស្វែងរកគន្លឹះដែលធ្វើឱ្យយើងអាចចូលរៀននៅមហាវិទ្យាល័យបាន និងមានភាពជោគជ័យ។

លោកបាន​ពន្យល់ថា ដោយប្រទេសកម្ពុជាមាន​ការរីកចម្រើន គឺយុវជនមាន​ឱកាសបានចូលរៀននៅមហាវិទ្យាល័យច្រើន បើសិនយើងចប់រៀនបើទោះបីយុវជននោះនៅ ក្នុងគ្រួសារមានជីវភាពក្រីក្រក្តីឱ្យតែមានសមត្ថភាពពិតប្រាកដ ក្នុងនោះយុវជនអាចប្រឡង យកអាហារូបករណ៍ ការរៀនបណ្តើរធ្វើការបណ្តើរ និងការរៀនដោយខ្ចីលុយសាលាពេល រៀបចប់សងគេវិញ ដោយបច្ចុប្បន្ននេះ មានឱកាសជាច្រើនដែលបានផ្តល់ឱ្យយុវជន។

លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុន អៀង គ្រុប ប្រធានសមាគម ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន ( CJBI )បានថ្លែងថា យុវជនទាំង​អស់មុនពេលចាប់យក ជំនាញណាមួយមកសិក្សាត្រូវសម្លឹងមើលឱ្យបានច្បាស់។ លោកពន្យល់ថា យុវជនដែលមិន ទាន់មានភាពច្បាស់លាស់លើខ្លួនឯង គួររៀនជំនាញ​ដែល​ទីផ្សារការងារកំពុងមាន តម្រូវការខ្ពស់ល្អប្រសើរ ជាងការ​រៀនជំនាញ​ដែលខ្លួនចង់រៀនតែគ្មានការងារធ្វើ ដែលការលើកឡើងរបស់លោកបែបនេះដោយសារតែឃើញថា បច្ចុប្បន្ននេះមាន​និសិ្សតមួយចំនួនបាន​បញ្ចប់ការសិក្សា តែគ្មានការងារធ្វើដោយសារជំនាញ ដែលគេរៀនចប់នោះគេមិនសូវមានតម្រូវការ៕

ដោយ ឃុត សៅ