៨ខែឆ្នាំ២០១៨នេះជំងឺគ្រុនឈាមកើតផ្ទុះឡើងជិត៩ពាន់ករណី សម្លាប់មនុស្សចំនួន១៤នាក់

វិទ្យុជាតិកម្ពុជា ដោយលោកស្រី សនសាវីន

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសុខាភិបាលបានអះអាងថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៨នេះនៅទូទាំងប្រទេសជំងឺ​គ្រុនឈាមបានផ្ទុះឡើងចំនួន៨៨៨០ករណីហើយបានបណ្តាលឲ្យមនុស្សចំនួន១៤នាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧មានការកើនឡើងទ្វេដង។

លោកវេជ្ជបណ្ឌិតលាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនិងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែសីហានេះថា  ការកើនឡើងនៃជំងឺគ្រុនឈាមនេះដោយសាតែការប្រែប្រួលអាកាសធាតុ  និងឆ្នាំនេះដល់គម្រប់ឆ្នាំ ដែលជំងឺគ្រុនឈាម​អាចនឹងផ្ទុះទ្រង់ទ្រាយធំក្នុងរយៈពេល៤ឆ្នាំទៅ៥ឆ្នាំម្តង។

ជំងឺគ្រុនឈាម ជាប្រភេទជំងឺដែលឆ្លងតាមសត្វមូស គឺជាជំងឺដែលធ្វើឲ្យអ្នកជំងឺក្តៅខ្លួន មានអារម្មណ៍ថា ចុះខ្សោយ និងឈឺឆ្អឹងពេញទាំងរាងកាយ។ ហេតុនេះ អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាមៗ នៅពេលដែលអ្នកក្តៅខ្លួនខ្លាំង ក្អួតចង្អោ ឈឺពីក្រោយភ្នែក សន្លាក់ ឈឺសាច់ដុំ និងឈឺក្បាល។

ក្រសួងសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋសំរានក្នុងមុង ស្លៀកពាក់សំលាក់បំពាក់ជិតៗ កម្ចាត់​ដង្កូវទឹក​នៅក​ន្លែ​ងមានទឹកដក់ ត្រូវលាងសម្អាតពាង ឬអាង ឲ្យបានម្តងក្នុងមួយសប្តាហ៍ ។  កំចាត់ដង្កូវទឹកពីក្នុង​សម្ភារដែលអា​ច​ដក់ទឹក ដោយកប់​ឬដុតចោលឬទុកឲ្យ​មានរបៀបនូវរាល់សម្ភារដោយចៀស​វាងកុំឲ្យមាន​ទឹកដក់​បាន​ឲ្យ​សោះ ។  ត្រូវធ្វើអនាម័យក្នុងផ្ទះជុំវិញ​ផ្ទះឲ្យ​បានស្អាតដើម្បីកម្ចាត់ជម្រកមូសខ្លា។

នៅឆ្នាំ២០១៨នេះ ខេត្តដែលកើតជំងឺគ្រុនឈាមច្រើនជាងគេមានខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម កណ្ដាល រាជធានីភ្នំពេញ បាត់ដំបង និងឧត្ដរមានជ័យ ព្រោះខេត្តទាំងអស់នេះសំបូរទៅដោយប្រជាជនមានការបំលាស់ទីច្រើន ដោយពួកគាត់ពុំមានទីជម្រកពិតប្រាកដ ។

លោកវេជ្ជបណ្ឌិតលាង រិទ្ធាបានអំណាវឲ្យប្រជាពលរដ្ឋប្រសិនបើសង្ស័យថាកូនចៅមានអាការៈក្ដៅខ្លួនអាចកើតជំងឺគ្រុនឈាម ត្រូវប្រញាប់នាំទៅកាន់មន្ទីរពេទ្យរបស់រដ្ឋដែលនៅជិតផ្ទះបំផុត ជៀសវាងការព្យាបាលនៅមន្ទីរពេទ្យឯកជន។ ឆ្នាំនេះក្រសួងសុខាភិបាលបានចែក ជូនថ្នាំអាប៊ែតដល់ប្រជាពលរដ្ឋមានចំនួនប្រមាណ៣០០តោន និងថ្នាំបាញ់សំលាប់មុសចំនួនចន្លោះ ពី៣ពាន់ទៅ៥លីត្រ៕