អាម៉េរិកបរាជ័យមិនបានទទួលការគាំទ្រពីសម្ព័ន្ធមិត្ត ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif ) បាននិយាយ កាលពីថ្ងៃអាទិត្យថា ស.រ.អា ទទួលបរាជ័យមិនបានទទួលការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបោះបង់ ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ ។


លោក ហ្សារីហ្វ បាននិយាយនៅក្នុងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍មួយថា ចាប់ពីពេលដែល ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump )បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរនេះ ពួកអាម៉េរិកមិនបានសម្រេចនូវគោលដៅណាមួយនៃគោលដៅដែលពួកគេចង់បាននោះទេ។

លោកបាននិយាយបន្ថែមថា សូម្បីបណ្តាប្រទេសដែលមិនមានទំនាក់ទំនងជាមិត្តជាមួយអ៊ីរ៉ង់ តួយ៉ាងដូចជាប្រទេសកាណាដាជាដើមបានប្រឆាំងនឹងក្រុងវ៉ាស៊ីងតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នេះ ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា បរាជ័យនេះបានបង្កឱ្យ ស.រ.អា ធ្វើសង្គ្រាមចិត្តសាស្ត្រលើអ៊ីរ៉ង់ ព្រមទាំងដៃគូអន្តរជាតិរបស់ខ្លួន ។ ក្រុងវ៉ាស៊ីងតោនបានសម្រេចកាលពីថ្ងៃទី៨ខែឧសភា ចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងបានប្តេជ្ញាដាក់ទណ្ឌកម្មឡើងវិញ ដែលរួមមានទាំងទណ្ឌកម្មប្រេងផងលើសាធារណរដ្ឋអ៊ីស្លាមនេះ ។

ការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់ ស.រ.អា នេះបានបង្កឱ្យមានការរិះគន់ជាសកលពីសហ គមន៍អន្តរជាតិ ដែលរួមមានទាំង EU ផងដែលកំពុងធ្វើការជាមួយអ៊ីរ៉ង់ ដើម្បីបង្កើតយន្តការនានា ក្នុងការជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ក្រោម កិច្ចព្រមព្រៀងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )