ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ប្រកាសផ្តល់ជូនសំបកបាវ ស្បៃ ដើមឫស្សី កូនឈើ និងអាចម៌ដី ដើម្បីឱ្យអាជ្ញាធរខេត្តព្រៃវែងធ្វើការការពារផ្លូវកំពុងរងគ្រោះដោយទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ –ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសផ្តល់ជូននូវសំបកបាវ ស្បៃ ឫស្សី កូនឈើ និងអាចម៌ដី ជូនដល់អាជ្ញាធរខេត្តព្រៃវែង ដើម្បីធ្វើជាមធ្យោបាយនៅក្នុងការការពារផ្លូវដែលប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះទឹកជំនន់ទន្លេមេគង្គនារដូវវស្សានេះ ការប្រកាសនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អញ្ជើញចុះពិនិត្យមើលផ្លូវក្រាលក្រួសក្រហម ១ខ្សែ ក្នុងស្រុកពោធិរៀង ខេត្តព្រៃវែង កាលពីថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាបញ្ចេញឱ្យអស់ពីលទ្ធភាពក្នុងការការពារផ្លូវលំ ១ខ្សែនេះ តាមដែលអាចធ្វើទៅបាន ព្រោះប្រសិនបើយើងបណ្តោយឱ្យវាខូចខាតដោយមិនបានទប់ស្កាត់ ហើយចាំស្ដារឡើងវិញនៅក្រោយពេលទឹកស្រកអស់នោះយើងនឹងត្រូវចំណាយការជួសជុលអស់ថវិកាច្រើន និងម្យ៉ាងវិញទៀតសម្រាប់ដំណាក់កាលនេះវាបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង មានប្រសាសន៍ថា ផ្លូវលំ ១ខ្សែនេះមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសការធ្វើចរាចរណ៍ដោះដូរទំនិញ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ឯកឧត្តម បានបន្តា ទឹកជំនន់ទន្លេមេគង្គបានជន់លិចធ្វើឱ្យសងខាងផ្លូវលំក្រាលក្រួសក្រហម ១ខ្សែនេះមើលទៅហាក់ដូចជាផ្ទៃសមុទ្រពីរនៅទល់មុខគ្នា ហើយថែមទាំងមានរលកធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពផ្លូវនៅកន្លែងខ្លះចិញ្ចើមផ្លូវបានបាក់ និងកន្លែងខ្លះទៀតបានបាក់ស្ទើរអស់មួយចំហៀងផ្លូវតែម្តង បើទោះបីជាយើងខំទប់ទល់យ៉ាងណាក្តី។ ជាមួយគ្នានេះឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានស្នើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជួយនូវអ្វីតាមដែលអាចជួយទៅបានក្នុងការការពារផ្លូវ ១ខ្សែនេះកុំឱ្យកាត់ផ្តាច់ដោយទឹកជំនន់។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃសុក្រទី២៤ ខែសីហាឆ្នាំ២០១៨ថា ភ្លៀងនឹងបន្តធ្លាក់ និងមានការជន់លិចជាថ្មីម្តងទៀត នៃទឹកទន្លេមេគង្គ ដោយ សារប្រព័ន្ធសម្ពាធទាបបានកើតឡើងនៅលើតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវដែលនឹងធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសវៀតណាមអាចមានភ្ឡៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន និងបណ្តាឱ្យរាជធានី-ខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន

ដោយប៉ាល់ សុង