ប្រមុខរាជរដ្ឋាភិបាល អបអរសាទរកីឡាករ និងកីឡាការិនីកម្ពុជាពីររូបដែលឈ្នះមេដាយ មាស ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​សម្ដែង​នូវការ​អបអរសាទរចំពោះកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ដែលបាន​ឈ្នះ​មេ​ដាយ​មាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី នា​ពេល​កន្លងមកថ្មីៗនេះ។


នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​​នាយករដ្ឋមន្ត្រីបានសរសេរថា “អបអរសាទរ កម្ពុជាឈ្នះមេដាយមាសជាលើកទី២​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។ នេះជា​មោ​ទ​នភាពថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូ​មើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេស​ឥ​ណ្ឌូ​ណេស៊ី។”

សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបាន​យក​ឈ្នះ​​កីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសា​ទម្ងន់​ក្រោម ៤៩គីឡូក្រាម។ ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសា Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធិ ១គ្រឿង​លើវិញ្ញាសា Runabout 1100 Stock។

សម្ដេចតេជោបានលើកឡើងទៀតថា ​ ការ​ប្រកួតកីឡា​អា​ស៊ី​(Asian Games) លើកទី១៨នេះ​ គឺចាប់នៅថ្ងៃទី​១៨​ ខែសីហា​ ដល់​ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ​២០​១៨​ ហើយគិតត្រឹមថ្ងៃនេះ កម្ពុជាយើងទទួលបានមេដាមាស២​គ្រឿង និង សំរឹទ្ធិ១គ្រឿង​ ដែល​នេះ​គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេស កម្ពុជា ដែលយើង​ដណ្ដើម​​បានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជា​បានបញ្ជូន​អត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឱ្យកម្ពុជា ឈ្នះ​មេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ។

សម្ដេចតេជោបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ចម្រើនគ្រប់ៗគ្នា​ និង សូមរីករាយ​ដំណើរ​ក​ម្សា​​ន្តនាចុងសប្តាហ៍នេះ៕

ដោយ ជឹម ណារី