ក្រសួងបរិស្ថានជំរុញការសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានច្រើន

វិទ្យុជាតិកម្ពុជា៖ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ក្រសួងបរិស្ថាន បានជំរុញការសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានច្រើន ខណៈការអភិវឌ្ឍចេះតែរីកចម្រើនទៅមុខឥតឈប់ឈរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព មានប្រសាសន៍ថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាគ្រឹះនៃសន្តិភាពរបស់ប្រទេសជាតិ ដែលនឹងនាំឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ថ្លែងក្នុងពិធីជួបជុំពិភាក្សាអំពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលរៀបចំជាដំបូងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែសីហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងវបច្ចេកវិទ្យា ជាឧបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសក្នុងពេលអនាគត។ ឯកឧត្តមលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកជំនាញសិក្សាលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានច្រើនថែមទៀត ព្រោះការសិក្សាស្រាវជ្រាវលើជំនាញនេះ មានតិចតួចនៅឡើយ។
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានឱ្យដឹងថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានសារៈសំខាន់សម្រាប់ធាតុចូលក្នុងការផ្តល់នូវការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលបណ្តាប្រទេសនានានៅទូទាំងពិភពលោកបានវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ជាមួយការកែច្នៃអ្វីដែលថ្មីៗសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។
សូមបញ្ជាក់ថា គោលបំណងដែលថ្នាក់ដឹកនាំក្រសួងបរិស្ថានផ្តួចផ្តើម ប្រមូលផ្តុំគំនិតនៃអ្នកជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយផ្តោតទៅលើការពង្រឹងក្រមសីលធម៌នៃការស្រាវជ្រាវ ស្រលាញ់សច្ចភាព និងការចង់ដឹង គឺដើម្បីឈានឆ្ពោះទៅកាន់ភាពជោគជ័យនៃការអភិវឌ្ឍប្រទេសថែមទៀត៕