ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនសែនក្បាលទឹកនៅថ្ងៃទី២៥ខែសីហានេះ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោក ចេមហួត

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនរៀបចំពិធីសែនក្បាលទឹកឬបុណ្យភ្ជុំចិននេះថ្ងៃទី២៥ខែសីហានេះដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននិងរកស៊ីមានបានត្រជាក់ត្រជុំដល់ក្រុមគ្រួសារ។

ពិធីសែនក្បាលទឹកនេះ គឺមានការរៀបចំខុសៗគ្នា គ្រួសារខ្លះ គេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់ សែនបាយសម្លរម្តងទៀត ក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ។ តែគ្រួសារខ្លះ ក៏សែនល្ងាចម្តងទៀត តាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជា ក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះជាដើម ។

លោកបណ្ឌិត ជា មុនីឫទ្ធិមន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា ៖ ពិធីសែនក្បាលទឹកជាភាសាចិនថា ពិធីចុងយាន ឬ ពិធីបុណ្យខ្មោច ប៉ុន្តែវាត្រូវបានបកប្រែនិងប្រើប្រាស់ជាសកលនៅក្នុងប្រទេសកម្ពុជារៀងរហូតមកថាជា ពិធីសែនក្បាលទឹក។ ពិធីនេះត្រូវបានគេប្រារព្វឡើងនាថ្ងៃទី១៥កើត ខែ៧ តាមច័ន្ទគតិរបស់ជនជាតិចិន ហើយដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ ជនជាតិចិនដែលតែងប្រតិបត្តិជំនឿនេះមានជនជាតិចិនទាជីវ ហុកគាង ខិ និងកន្តាំងជាដើម ដែលបានរស់នៅក្បែទន្លេ ឬសមុទ្រ។

ការរៀបចំរណ្តាប់សែនព្រេននៅក្នុងពិធីសែនក្បាលទឹកនេះ មិនខុសគ្នានឹងពិធីសែនឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះទេ។ ឆ្លងតាមការសិក្សាកន្លងមក យើងឃើញថាពិធីនេះរៀបចំក្នុងគោលគំនិតសំខាន់ចំនួន៤គឺ

ទី១-ឧទ្ទិសកុសលជូនដល់បុព្វការី និងប្រែត

ទី២-អរគុណចំពោះទឹកទន្លេ ឬសមុទ្រដែលតែងបានជួយលើកតម្កើងជីវភាពរស់នៅតាមរយៈភោគផលនេសាទ កសិកម្ម និងពាណិជ្ជកម្ម

ទី៣-ជួបជុំគ្នាឡើងវិញក្រោយពិធីចូលឆ្នាំថ្មីរយៈពេល៦ខែកន្លងមក ដើម្បីចែករំលែកនូវពុទ្ធិ និងបទពិសោធន៍នានាក្នុងជីវភាពប្រចាំថ្ងៃ ហើយបន្តទស្សនៈវិស័យសម្រាប់ពេលខាងមុខបន្តទៀត

ទី៤-ប្រកាសអាសន្ន ឬផ្តល់ព័ត៌មានបន្ទាន់ដល់អ្នកទាំងឡាយណាដែលរស់នៅជាប់នឹងមាត់ទឹកថាទឹកចាប់ផ្តើមតម្លើងកម្ពស់របស់ខ្លួន។

គួរម្លឹកថា ពិធីសែនក្បាលទឹកជាជំនឿមួយក្នុងចំណោមជំនឿជាច្រើនរបស់ជនេជាតិចិន វៀតណាមប៉ុណ្ណោះ។ វាមិនមានចែង ក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះឡើយ តែដោយហេតុថា ប្រទេសកម្ពុជាមានចម្រុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រាជរដ្ឋាភិបាល មិនបានហាមឃាត់នោះទេ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរគ្រប់រូបមុននឹងសម្រេចចិត្តធ្វើអ្វីមួយគប្បីគិតពិចារណាអោយបានច្បាស់លាស់ដើម្បីកុំអោយខាតពេលវេលា និងប៉ះពាល់សេដ្ឋកិច្ចគ្រសារ និងអាចជាការដាក់គំនាបផ្លូវអារម្មណ៍ដល់សមាជិកគ្រួសាក៏ថាបាន៕