រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារ ជាមួយជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម Haoliang Xu ជំនួយការ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកគ្រប់ គ្រងការិយាល័យ តំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ UNDP និងសហការី កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នេះបើយោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ UNDP ដែលបានសហការយ៉ាងស្អិត រមួតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវលទ្ធផលជាច្រើន ជាពិសេសនៅក្នុង វិស័យដំឡូងមី ដែលជាកសិផលធំទីពីរ បន្ទាប់ពីស្រូវនៅប្រទេសកម្ពុជា។

ឯកឧត្តម បានវាយ តម្លៃខ្ពស់លើឯកទេសរបស់ UNDP នៅក្នុងវិស័យនេះ ដោយកន្លងមក UNDP បានផ្ដួចផ្ដើមរៀបចំជាវេទិកាធុរកិច្ចដំឡូងមី ក្នុងគោលបំណងផ្សព្វផ្សាយសក្ដានុពល របស់វិស័យដំឡូងមីនៅកម្ពុជា ជូនធុរជន និងវិនិយោគិន ព្រមទាំងរៀបចំជាគោល នយោបាយអភិវឌ្ឍន៍វិស័យដំឡូងមី និងចាប់ដៃជាមួយ ក្រុមហ៊ុនឯកជន Green Leader បង្កើតជាកិច្ចព្រមព្រៀងថវិការួមក្រោមរូបភាព កិច្ចសហប្រតិបត្តិការវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញ និងអភិវឌ្ឍន៍ វិស័យដំឡូងមីតទៅមុខទៀត។

ឯកឧត្តម Haoliang Xu បានថ្លែងថា ឯកឧត្តមពិតជាមានការភ្ញាក់ផ្អើលក្នុងដំណើរ ទស្សនកិច្ចលើកនេះ លើការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា ដោយការអភិវឌ្ឍទាំង នេះបានឆ្លុះ បញ្ចាំងពីកំណើនម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនយោបាយដែលកម្ពុជាទទួលបាន។ ឯកឧត្តម បន្តថា ការវិនិយោគប្រកបដោយគុណភាពជាកត្តាមួយ សំខាន់ដើម្បីជំរុញការអភិវឌ្ឍមួយ ជំហានទៀត ដោយបង្កើតការងារឱកាសថ្មីៗដើម្បីទទួលបានកំណើនជាជាបរិយាប័ន្ន និងចីរភាព៕

ដោយ សាយ សុន