ជាមោទនភាពជាតិ ដែលកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាសទី១ ជូនកម្ពុជា សម្រាប់កីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ខាន់ ចេសា បានឈ្នះមេដាយមាសទី១ជូនកម្ពុជា ក្រោយពី បានយកឈ្នះកីឡាការិនីអារ៉ាប់រួម នៅវគ្គផ្តាច់ព្រ័ត្រមុននេះបន្តិច នៅក្នុងលទ្ធផលបច្ចេកទេស ១០០ទល់០ លើវិញ្ញាសាទម្ងន់៤៩គីឡូក្រាមនៃប្រភេទកីឡាជឺជីតស៊ូ នៃព្រឹត្តិការណ៍កីឡា អាស៊ី (ASIAN GAMES) លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ នេះគឺជាប្រវត្តិ សាស្ត្រថ្មីមួយ ហើយក៏ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា បានឈ្នះមេដាយមាសទី១ជូនជាតិ ពីការប្រកួតកម្រិតអាស៊ី នៃកីឡា ជឺជីតស៊ឺ (Ju-Jitsu) បន្ទាប់ពីបានយកឈ្នះកីឡាការិនី Mahra Alhinaai ប្រទេសអារ៉ាប់រួម នៅវគ្គផ្តាច់ព្រ័ត្រ។

មេដាយមាសរបស់កីឡាការិនី ខាន់ ចេសា គឺជាមេដាយមាសទី២ នៃទ្វីប អាស៊ីរបស់កម្ពុជា បន្ទាប់ពីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលឈ្នះមេដាយមាសទី១ កាលពីឆ្នាំ២០១៤ ក្នុងរយៈពេល៦០ឆ្នាំ នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ខាន់ ចេសា បានធ្វើបានយ៉ាងល្អបំផុត ដោយផ្ទួលគូប្រកួត របស់ខ្លួនក្នុងពិន្ទុ១០០ ទល់០ ដូចៗគ្នា ដោយឈ្នះកីឡាការិនីថៃ, កីឡាការិនីចិន Yi-Wen La បោះបង់ការប្រកួត, ឈ្នះកីឡាការិនីអ៊ីរ៉ង់ Nahid Pirhady និងបន្តឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila Napolis។

នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ពីកន្លែងប្រកួតមកថា ក្រៅពីមេដាយមាសលើកីឡាជឺជីតស៊ូនេះ គឺកម្ពុជាមា​ន សង្ឃឹមខ្ពស់ឈ្នះមេដាយមាស១ទៀត និងសំរឹទ្ធិ១ទៀត លើប្រភេទកីឡាម៉ូតូ ដែលនៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នឹងត្រូវបញ្ជប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្ត ខណៈ ៣ជុំរបស់ម៉ូតូ ទឹកកម្ពុជា កំពុងក្តោបក្តាប់ពិន្ទុលេខ១ និងលេខ២ លើគូប្រគួតមកពីបណ្តាប្រទេសនានា៕

ដោយ ហេង ណាលីន