ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការ នៃការធ្វើបច្ចុប្បន្នភាពលើ «យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣»

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍លើដំណើរការ នៃការធ្វើបច្ចុប្បន្នភាព «យុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣» កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ នេះបើ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។


លោកជំទាវ តឹករ៉េត កំរង បានថ្លែងថា ឯកសារយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជាជាឯកសារចម្បងក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។ យុទ្ធសាស្ត្រនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រព័ន្ធ ដើម្បីត្រួតពិនិត្យលើលទ្ធផល សម្រេចបាន កន្លងមក ដើម្បីសិក្សាលើចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងគោលបំណងលើកជា ដំណោះស្រាយជាយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មទាំងមូល។

លោកជំទាវបន្តទៀតថា ការធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំនេះ គឺជាការធ្វើបច្ចុប្បន្នភាព លើកទីបី ដែលមានគោលបំណងធំៗចំនួនបីគឺ៖ ទី១. ដើម្បីបញ្ជ្រាបពាណិជ្ជកម្ម និងភាពប្រកួតប្រជែងទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាល, ទី២. វិភាគដើម្បីកំណត់អាទិភាព និងដំណើរការសម្រាប់ធ្វើកំណែទម្រង់ជាគន្លឹះ ក្នុងវិស័យពាណិជ្ជកម្ម និងភាពប្រកួតប្រជែង និង ទី៣. បង្កើតជាវេទិកាសម្រាប់ដៃគូ អភិវឌ្ឍន៍ក្នុងសកម្មភាពសម្របសម្រួល និងតម្រង់ទិសលើការផ្ដល់ជំនួយបច្ចេកទេស ដែលស្របទៅតាមអាទិភាពរបស់រាជរដ្ឋាភិបាល។

លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់នូវចំណាប់អារម្មណ៍ របស់ដៃគូអភិវឌ្ឍន៍ក្នុងការរួមចំណែកនៅក្នុង ដំណើរការធ្វើបច្ចុប្បន្នភាព ព្រមទាំងទទួលយកមតិ និងធាតុចូលជាបឋម ដើម្បីរៀបចំជាឯកសារទស្សនទានសម្រាប់រៀបចំ ឯកសារបច្ចុប្បន្នភាពជារួម។​ ទន្ទឹមនេះដែរ ដៃគូមួយចំនួនបានសម្តែងនូវចំណាប់អាម្មណ៍ក្នុងការរួមចំណែកជាជំនួយបច្ចេកទេស និងមួយចំនួនទៀតនឹងសហការជាយុទ្ធសាស្ត្រដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រ ឬក្របខ័ណ្ឌ គោលនយោបាយរបស់ដៃគូនីមួយៗ៕

ដោយ សាយ សុន