មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរំពឹងថា វិស័យអចលនទ្រព្យ នឹងទទួលបានវិនិយោគិនបន្ថែម ពីវិនិយោគិនបរទេសក្នុងក្របខ័ណ្ឌតំបន់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញក្ដីរំពឹងថា វិស័យអចលនទ្រព្យ នឹងទទួលបានវិនិយោគិនបន្ថែមពីវិនិយោគិនបរទេស ក្នុងក្របខ័ណ្ឌតំបន់ ដែលនឹងជួយបង្កើតការអភិវឌ្ឍវិស័យសំណង នៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។
ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា កម្ពុជា នឹងជួយអូសទាញ វិនិយោគិនពីបរទេស ឱ្យមកអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំជំនាញអចលនវត្ថុអាស៊ាន ជាលើកទី១ ARENA Convention & Expo 2018 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី វ៉ាន់ បានបញ្ជាក់ថា វិនិយោគិនបរទេស នឹងបន្តមកបណ្ដាក់ទុនវិនិយោគលើវិស័យសំណង់ នៅកម្ពុជា ដោយសារតែកម្ពុជាមានគោលនយោបាយលើកទឹកចិត្ត ដល់វិនិយោគិនបរទេស និងនៅសល់សក្តានុពល សម្រាប់ការវិនិយោគច្រើន ជាក់ស្ដែងលើវិស័យសំណង់។

សួមបញ្ជាក់ថា កិច្ចប្រជុំជំនាញអចលនវត្ថុអាស៊ាន ជាលើកទី១ ដែលមានអ្នកតំណាង អចលនទ្រព្យ ប្រមាណ៥០០នាក់មកពី៨ប្រទេស បានចូលរួមពិភាក្សាគ្នាពីឱកាសវិនិយោគ លើការវិនិយោគវិស័យសំណង់ និងបន្តកៀរគរវិនិយោគិនបរទេសបន្ថែម ឱ្យមកបើកអាជីវកម្ម នៅកម្ពុជា។

យោងតាមរបៀបវារៈរបស់វេទិការនេះ អ្នកចូលរួម នឹងពិភាក្សាទៅលើរបៀបនៃការចាប់ ឱកាសនៃការវិនិយោគ និងអភិវឌ្ឍន៍ផ្នត់គំនិតទីផ្សារអចលនទ្រព្យក្នុងតំបន់។ ទន្ទឹមនេះ ការវិនិយោគ ចូលមកកម្ពុជារបស់ជនបរទេស ព្រមទាំងធុរកិច្ចក្នុងវិស័យអចលនទ្រព្យនា ពេលអនាគត នៅក្នុងក្របខណ្ឌ័អាស៊ាន៕

ដោយ ម៉ៅ ចរិយា