ក្រុមហ៊ុនស្មាត និងក្រុមហ៊ុនកាហុកភីធីអ៊ីអិលធីឌី ចុះMOU បង្កើតទំនាក់ទំនងពាណិជ្ជ កម្មរួមគ្នា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — ក្រុមហ៊ុនស្មាត អាស្យាតា និងក្រុមហ៊ុន កាហុក ភី ធី អ៊ី អិល ធីឌី បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងបង្កើតទំនាក់ទំនង ដៃគូពាណិជ្ជកម្មរវាង ក្រុម ហ៊ុនទាំងពីរ ក៏ដូចជាចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀត អំពីគុណភាព គុណប្រយោជន៍ និងសេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពីរផងដែរ។
ភាពជាដៃគូពាណិជ្ជកម្មនេះ នឹងនាំមកនូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗ និងការផ្ដល់ជូនដ៏ ពិសេសសម្រាប់អតិថិជន ដែលតែងតែគាំទ្រទូរស័ព្ទដៃ ស៊ីងតិច និងក្រុមហ៊ុនស្មាតអាស្យាតា ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខ គេក្នុងប្រទេស។ ក្នុងពិធី ចុះហត្ថលេខា បានត្រូវធ្វើឡើង នារសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅ សណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ លោក ទ្រី លាង គ្រី ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនកា ហុក ភី ធី អ៊ី បានមានប្រសាសន៍ថា “អតិថិជនទាំងអស់អាចរកទិញទូរស័ព្ទដៃស៊ីងតិច នៅ តាមបណ្តាស្មាតសប (Smart Shop) ទូទាំងប្រទេស ហើយថែមទាំងទទួលបានលេខស៊ីមកាត ល្អៗក៏ដូចជាការប្រើប្រាស់បានអ៊ីនធឺណេតរហូតដល់១២សប្តាហ៍ផងដែរ”។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្មាតអាស្យាតា ដែលជឿជាក់លើទូរស័ព្ទដៃ ស៊ីង តិច និងបានដាក់លក់ទូរស័ព្ទដៃ ស៊ីងតិច ជាផ្លូវការនៅតាមស្មាតសប(Smart Shop) កាលពី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះផងដែរ។

អ្នកស្រី ស៊ឹម ចាន់ សុភ័ក្ដ្រ ប្រធានផ្នែកអភិវឌ្ឍន៍ ផលិតផល និងឧបករណ៍ (Head of Consumer Proposition and Devices) នៃក្រុមហ៊ុនស្មាត អាស្យាតាបានឱ្យដឹងថា ក្រុមហ៊ុន ស្មាត មានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូជាមួយក្រុមហ៊ុនកាហុក ភី ធី អ៊ី នេះ អាចធ្វើឱ្យអតិថិជន របស់ក្រុមហ៊ុនស្មាតអាចជាវទូរស័ព្ទដៃ ស៊ីងតិចបាន។ ជាមួយនឹងការ ដាក់លក់ទូរស័ព្ទដៃស៊ីងតិច តាមស្មាតសប (Smart Shop) ទាំងអស់ អតិថិជនរបស់យើង នឹង អាចជាវស្មាតហ្វូន ដែលមានតម្លៃសមរម្យ និងគុណភាពគួរជាទីទុកចិត្ត ដើម្បីរីករាយជាមួយ បណ្តាញទូរស័ព្ទ៤.៥G របស់ស្មាត និងការផ្ដល់ជូនជាមួយទូរស័ព្ទដ៏គួរឱ្យចាប់អារម្មណ៍៕

ដោយ ម៉ៅ ចរិយា