ស្លាកសញ្ញាចរាចណ៍ប្រើប្រាស់ថាមពលអគ្គិសនីផ្ទាំងសឡា ត្រូវបានបំពាក់នៅតាម​កំណាត់ផ្លូវជាតិលេខ៦ និងផ្លូវតំបន់Pub Street ក្នុងក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នំា២០១៨ — ក្រសួងសធារណការ និង​ដឹក​ជញ្ជូនបានបំពាក់បង្គោល ស្លាកសញ្ញាចរាចរណ៍ “Sign Traffic LED” ជាប្រភេទស្លាកសញ្ញាចរាចណ៍ប្រើប្រាស់ថាមពលអគ្គិសនី ពីផ្ទាំងសឡានៅតាម​កំណាត់ផ្លូវ ជាតិលេខ៦ ចាប់ពីចុងកៅស៊ូ រហូតដល់រង្វង់មូលផ្លូវឆ្ពោះទៅព្រលានយន្តហោះ អន្តរជាតិ សៀមរាប និងផ្លូវតំបន់Pub Street នៅក្នុងក្រុងសៀមរាប។
លោក គឹម ប៉ុនណ្ណា ប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី២៤ ខែ​សីហា ឆ្នំា២០១៨នេះថា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរតាម​ដង​ផ្លូវនៅក្នុង​សៀមរាបមានការ​ងាយស្រួល​ក្នុង​ការមើលស្លាកសញ្ញាចរាចរណ៍ ជាពិសេស នៅ ពេលយប់ផងនោះគម្រោងកាត់បន្ថយផ្ទាំងកញ្ជក់ពីវិស័យដឹកជញ្ជូនរបស់​ក្រសួងសាធារណ ការ និង​ដឹក​ជញ្ជូនបានបំពាក់បង្គោល ស្លាកសញ្ញាចរាចរណ៍ “Sign Traffic LED” ជាប្រភេទ​ស្លាក សញ្ញាចរាចណ៍ប្រើប្រាស់ថាមពលអគ្គិសនី ពីផ្ទាំសឡានៅតាម​កំណាត់ផ្លូវជាតិក្នុង គម្រោង សាក​ល្បងជំហ៊ានដំបូងនៅតាមរាជធានី ខេត្តចំនួន៣ក្នុងនោះ​មាន​នៅរាជធានី ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប​។

លោកបន្តថា សម្រាប់​នៅ​ខេត្តសៀមរាប បង្គោលស្លាកសញ្ញាចរាចណ៍ប្រើប្រាស់ថាមពល អគ្គិសនី ពីផ្ទាំងសឡានេះ គឺបានបំពាក់នៅតាម​កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចុងកៅស៊ូ សង្កាត់ស្លក្រាម រហូតដល់រង្វង់មូលផ្លូវឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប និង ផ្លូវតំបន់Pub Street​​ ដែលមាន​ចំនួន៥០កន្លែង។ លោកបានបន្ដថា ​ស្លាកសញ្ញាចរាចរណ៍ “Sign Traffic LED”ទាំងនេះ នាពេលរាត្រី នឹងមានពន្លឺដោយខ្លួនឯង ងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋអ្នកធ្វើដំណើរពិនិត្យមើលអំពីស្ថានភាពផ្លូវ ដែលបង្ហាញដោយស្លាកសញ្ញា ចរាចរណ៍ ។

លោកប្រធានមន្ទីរបានលើកឡើងថា ស្លាកសញ្ញាចរាចណ៍ប្រើប្រាស់ថាមពលអគ្គិសនី ពីផ្ទាំសឡានេះគឺមានសារៈសំខាន់ណាស់ក្នុងការរួមចំណែធ្វើឱ្យមានសុវត្ថិភាពចរាចរណ៍ និង មានសោភណភាពល្អ នៅក្នុងក្រុងសៀមរាប អ្នកធ្វើដំណើរពេលយប់ងាយស្រួលមើលអំពី ទិសដៅបង្ហាញដោយស្លាកសញ្ញាចរាចរណ៍នេះ និងរួមចំណែកកាត់បន្ថយបាន​នូវគ្រោះថ្នាក់ ចរាចរណ៍ និងកាត់បន្ថយផ្ទាំងកញ្ជក់ពីវិស័យដឹកជញ្ជូន ធ្វើឱ្យខ្យល់ឱកាសនៅក្នុងក្រុងមាន ការល្អប្រសើរ។

លោកបានបន្ថែមទៀតថា នៅ​ពេល​គម្រោង​អនុវត្តន៍សាកល្បងនេះទទួលជោគជ័យ មាន​ផលប្រយោជន៍ច្រើនដល់​សាធារណជន ហើយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នឹងស្នើសុំស្លាកសញ្ញាចរាចណ៍ប្រើប្រាស់ថាមពលអគ្គិសនីពីផ្ទាំងសឡានេះពីក្រសួងបន្ថែម ទៀត​ ដើម្បី​យក​មកដាក់នៅតាម​បណ្តាផ្លូវនានានៅក្រុងសៀមរាប​ជាពិសេសផ្លូវដែលមិនទាន់​មាន​ភ្លើង ស្តុបចរាចរណ៍៕

ដោយ ឃុត សៅដោយ ឃុត សៅ