ឯកសារចំនួនបីគ្រោងនឹងចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសឥណ្ឌាមកកាន់កម្ពុជានៅសប្ដាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ — កិច្ចព្រមព្រៀង និងអនុស្សរណៈចំនួនបី គ្រោងនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច ( Sushma Swaraj ) រដ្ឋមន្រ្តីការ​បរ​ទេ​ស នៃសាធារណរដ្ឋឥណ្ឌាមកកាន់ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដី​ប្រ​កា​សព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
តបតាមការអញ្ជើញរបស់ឯកឧត្ដម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​ស​ហ​ប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ​ឥ​ណ្ឌា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រ​កម្ពុ​ជា​ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងអំឡុង​ពេល​ទស្សន​កិច្ច​នៅ​កម្ពុជា លោកជំទាវ នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបន្តថា លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច នឹង​ពិ​ភា​ក្សា​ទ្វេភាគីជាមួយ ឯកឧត្ដមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អំពីបញ្ហាជាច្រើនទាក់ទង នឹងកិច្ចសហ​ប្រតិ​បត្តិការទ្វេភាគី ហើយនិងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការ ចាប់​អារម្មណ៍ដូចគ្នា។ បន្ទាប់ពីជំនួបទ្វេភាគី នឹងមានការចុះហត្ថលេខា លើឯកសារចំនួន៣ ដែលក្នុងនោះរួមាន

១- កិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងរាជរដ្ឋាភិបា​ល​កម្ពុជា សម្រាប់ការអភិរក្ស/ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា។

២- អនុស្សរណៈនៃ កិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និង​កិច្ច​កា​រ​គ្រួ​សារនៃសាធារណរដ្ឋឥណ្ឌា និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចស​ហ​ប្រតិបត្តិការ លើវិស័យសុខភាព និងឱសថ។

៣- អនុស្សរណៈនៃ ការយោគ​យ​ល់​​គ្នា រវាងវិ​ទ្យា​ស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្ត​រ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេស​នៃសា​ធារ​ណរដ្ឋឥណ្ឌា។

នៅក្នុងទស្សនកិច្ចនៅកម្ពុជានេះដែរ លោកស្រី ស៊ុសម៉ា ស្វារ៉ាច គ្រោង​អញ្ជើ​ញទស្សនា ប្រាសាទបុរាណមួយចំនួន នៅក្នុងខេត្តសៀមរាប រួមទាំងគម្រោងជួសជុល ប្រា​សាទតាព្រហ្ម ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹ​ង​ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និ​ង​​ឥណ្ឌា៕

ដោយ ជឹម ណារី