មន្ទីរទេសចរណ៍ខេត្តបាត់ដំបងគ្រោងស្នើដាក់វត្តចំនួន១០​ សម្រាប់គោលដៅទេសចរណ៍

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ ដោយកញ្ញាទុយ សូលីដា

ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង គ្រោងស្នើទៅក្រសួងទេសចរណ៍ ដើម្បីដាក់វត្តចំនួន១០​ សម្រាប់​​​គោលដៅទេសចរ បន្ទាប់ពីមើលឃើញថា ទីអារាមទាំងនេះ សម្បូរទៅដោយ​បេកភណ្ឌ​វប្បធម៌សម្រាប់ទាក់ទាញទេសច​រពីគ្រប់ជាតិសាសន៍​។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាថា វត្តទាំង១០ ដែលត្រៀមស្នើដាក់បញ្ចូលជាគោលទេសចរណ៍សាសនា និងវប្បធម៌នោះមានដូចជា៖  វត្តដំរីស វត្តសង្កែ វត្តសំរោងក្នុង វត្តកែវ វត្តកំផែង វត្តគរ វត្តកណ្តាល វត្តពិភិទ្ធារាម វត្តពោធិវាល និង​វត្តឈើខ្មៅ ដោយសារមានវ័យ​ចំណាស់ និងសម្បូរទៅដោយសក្ដានុពលផ្នែកទេសចរណ៍។

លោកបន្តថា នៅពេលវត្តទាំងនោះក្លាយទៅជាតំបន់​​ទេសចរណ៍បែបព្រះពុទ្ធសាសនា​ជា​ផ្លូវ​ការ នឹងអាចមានឈ្មោះល្បី និងភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរជា តិនិងអន្តរជាតិ និងនាំ​មក​នូវប្រភពចំណូលដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ។ លោកបានបញ្ជាក់ថា មន្ទីរទេសចរណ៍​ខេត្ត បាននឹងកំពុងរៀបចំកែលំអនៅតាមវត្តបុរាណគំរូទាំង១០នោះ ឱ្យកាន់តែល្អប្រសើរ​​ដើម្បី​​​ប្រែ​ក្លាយ​ជាកន្លែងទីមនោរម្យបែបព្រះពុទ្ធសាសនានឹងជាកន្លែងបែបកំសាន្ត។

សម្លេង៖”យ៉ាងណាមិញបើសិនជាយើងរៀបវត្ត និងបានហើយគឺវត្តក្លាយទៅជាទីមនោរម្យមួយ សម្រាប់​ជាទីសការៈផងសម្រាប់​​ដំណើរកំសាន្តផង ទាំងដែរយើងរៀបវត្តបានស្អាត​​ដូចជាការរៀប​ចំសួន​លំអរ និងរៀបចំប្រវត្តរបស់វត្តនិងមានមគុទ្ទេ​សផ្ដល់សេវាជូ​នភ្ញៀវ ផ្ដល់ទីស្នាក់អាស្រ័យ ផ្ដល់​បង្គន់​អនាម័យស្អាតនេះជាចំនុចមួយដែរធ្វើអោយវត្តកាន់តែល្បី កាន់តែមានការចូលរួម។ កាល​ណា​​​​យើងរៀបចំទិសដៅហើយចឹងភ្ញៀវគាត់មក ហើយភ្ញៀវគាត់បានធ្វើបុណ្យផងនិងទស្សនាផង “។

 

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងបន្តថា  មន្ត្រីនៃមន្ទីរទេសចរណ៍​​បានចុះពង្រឹង​​សេវា​​កម្មប​ដិសណ្ឋារកិច្ច ដល់​អាជីវករទៅលើតម្លៃ គុណភាពអនាម័យចំណីអាហារ ការស្នាក់នៅ​​តាម​បែបប្រចាំតំបន់ និង​​តម្លៃ​ជួល​មធ្យោបាយសម្រាប់ធ្វើដំណើរ ទៅកាន់រមណីយដ្ឋាន​​ផ្សេងៗ​​នៅក្នុង​ខេត្ត។

សម្លេង៖ យើងកុំពុងតែលើកស្ទួយ និងជំរុញឱ្យមានការសម្ដែងសិល្បៈបែបប្រពៃណី និងការធ្វើម្ហូប​​អ្នក​បាត់​ដំបង បង្អែមអ្នកបាត់ដំបង ជាកត្តាមួយសំខាន់ ដែលយើងអាចធ្វើឱ្យភ្ញៀវសម្រេច​​​ចិត្ត​ស្នាក់​នៅ​​កាន់តែយូរ និងចំណាយថវិការកាន់តែ​ច្រើន​​សម្រាប់ក្នុងខេ​​ត្តបាត់ដំបងនេះ»។

សូមបញ្ចាក់ថា គម្រោងសំណើរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនេះ គឺធ្វើឡើងស្របគ្នានឹង ក្រសួងទេសចរណ៍ដែលបានជំរុញទីវត្តអារាមនៅទូទាំងប្រទេសឲ្យក្លាយគោលដៅទេសចរណ៍បែប វប្បធម៌ និង​​ប្រវត្តិសា​ស្រ្តសម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែម​​ពីលើ​​តំបន់ទេសចរដែលមាន​​ស្រាប់​​៕

វត្តដំរីស នៅក្នុងខេត្តបាត់ដំបង