ក្រសួងសេដ្ឋកិច្ចនិងធនាគារជាតិនៃកម្ពុជាអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ បន្ធូរបន្ថយដល់ពលរដ្ឋក្នុងការសងប្រាក់ដោយសារបញ្ហាទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារទាំងអស់ អនុគ្រោះអត្រាការប្រាក់ ពន្យារពេលក្នុងការសងប្រាក់ត្រឡប់ និងមិនត្រូវរឹបអូសទ្រព្យសម្បិត្តិ របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ​​ដោយទឹកជំនន់ឡើយ ពោលគឺត្រូវសម្រួលដល់ការប្រឈមផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមានពីគ្រោះទឹកជំនន់។

ការចេញសេចក្ដីថ្លែងការ រវាងស្ថាប័នទាំង២នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានអំពាវនាវដល់ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការ​ជាមួយ​គ្រឹះស្ថានហិរញ្ញវត្ថុ បន្ធូរបន្ថយរយៈពេលសង ឬអត្រាការប្រាក់ ចំពោះពលរដ្ឋរងគ្រោះទឹកជំនន់។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឲ្យលើកទឹកចិត្ត ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុសូម៖
១៖ បន្ដផ្ដល់ឥណទានដោយប្រុងប្រយ័ត្ន និងមាន​យន្ដ​ការដោះស្រាយទន់ភ្លន់ចំពោះអតិថិជន ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ជាក់ស្ដែង ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំ របស់វិស័យហិរញ្ញវត្ថុ។
២៖ បន្ដពិនិត្យ និងវាយតម្លៃលទ្ធភាពសង របស់ប្រជាកសិករ ដែលបានរងផលប៉ះពាល់ពីគ្រោះថ្នាក់ទឹកជំនន់ សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ថយរយៈពេលសង បន្ថយអត្រាការប្រាក់ ឬមិនយកការប្រាក់ ក្នុងរយៈពេលណាមួយ និងមិនត្រូវរឹបអូសទ្រព្យសម្បត្តិ របស់ប្រជាកសិករ ព្រមទាំងផ្ដល់ដំណោះស្រាយសមស្របផ្សេងៗ។
៣៖ បន្ដតាមដានស្ថានភាព និងផលប៉ះពាល់នៃគ្រោះទឹកជំនន់លើប្រជាកសិរ និងផ្ដល់ការគាំទ្រចាំបាច់ស្របតាមកាលៈទេសៈជាក់ស្ដែង៕